សៀមរាប៖ អង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការ ដោយជ្រើសរើសយកថ្ងៃទី២២ ខែឧសភា សម្រាប់ការប្រារព្ធទិវាជារៀងរាល់ឆ្នាំ ។ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ នៅក្រុងសៀមរាបអង្គរ បានរៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០១៥ ក្រោម
ប្រធានបទ ជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចេរភាព ។ ឆ្នាំនេះ ! គឺជាលើកទី២ហើយដែលក្រសួងបរិស្ថាន បានប្រារព្ធអបអរទិវានេះ ! ឆ្នាំ២០១៤កន្លងទៅ គឺបានធ្វើឡើងនៅខេត្តកោះកុង ។
លោកចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងក្នុងនាមជា ជនបង្គោល នៃអនុសញ្ញាសហប្រជាតិ ស្តីពីជីវៈចម្រុះ បានលើកបង្ហាញថា ៖ តម្លៃដ៏ធំធេង នៃធនធានជីវចម្រុះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានានូវលំនឹងរបស់បរិស្ថានធម្មជាតិ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ផ្តល់ប្រភពឋាមពល ទីជម្រក ម្ហូបអាហារប្រចាំថ្ងៃ និងផលិតកម្មផ្សេងៗ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ព្រមទាំងបានផ្តល់ជាតម្លៃផ្នែកសង្គម វប្បធម៌ និងសារប្រយោជន៍ផ្សេងៗទៀត ជាច្រើនឥតគណនា ។
លោកយិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីនោះថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានមើលឃើញអំពីតម្លៃដែលមិនអាចកាត់ថ្លៃបាន នៃធនធានជីវចម្រុះនិងសេវាអេកូឡូស៊ី ចំពោះសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ គឺយ៉ាងដូច្នេះហើយ ទើបរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់លើការងារអភិរក្សធនធានជីវចម្រុះ និង បានរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ស្តីពីជីវៈចម្រុះ សម្រាប់ការគ្រប់គ្រងធនធានជីវៈចម្រុះនៅកម្ពុជា ហើយ ថ្មីៗនេះ កម្ពុជា បានចុះសច្ចាប័នលើពិធីសារ ណាហ្គូយ៉ា ស្តីពីការប្រើប្រាស់ និង បែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធាន សេនេទិក ដោយស្មោះភាពនិងសមធម៌ ( ABS ) សំដៅលើកទឹកចិត្ត ឲ្យមានការចូលរួមប្រើប្រាស់ ធនធានជីវៈចម្រុះ ប្រកបដោយនិរន្តរភាព ៕



































