កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ កំលាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០២នាក់ ទៅសលាដំបូងខេត្តព្រះសីហនុ ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកំលាំងជំនាញការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន បានសហការជាមួយកំលាំងអាវុធហត្ថស្រុកព្រៃនប់ ធ្វើការឃាត់ខ្លូននៅកន្លែងពីរផ្សេងគ្នាទី១ កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចជញ្ជីងថ្លឹង ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃបន់ ខេត្តព្រះសីហនុ ទី២ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអនុសេនីយឯក ឡុង គឹមហួរ នាយការិយាល័យស្តីទីស្រាវជ្រាវប្រឆាំងគ្រៀងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថ បានឪ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហ៊ីម ជីវ័ន្ត ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ឈ្មោះ លាង ចាន់តុលា ហៅហៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដែលកំលាំងជំនាញអាវុធហត្ថធ្វើការដកហូតបានមាន ថ្នាំម្សៅពណ៌សរថ្លា ចំនួន ៥កញ្ចប់ និងទូរសព្ទ័ដៃចំនួន ០៣គ្រឿង ។
លោកអនុសេនីយឯក ឡុង គឹមហួរ បានឪ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀន ទាំងពីរនាក់ និងថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕




































