កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១៥គ្រួសារដែលបានរងគ្រោះរលំផ្ទះ ទ្រេតផ្ទះ និងប៉ើងដំបូលនិងជញ្ជាំងផ្ទះនៅក្នុងឃុំដា និងឃុំសំរោងសែន ស្រុកកំពង់លែង បានទទួលអំណោយមនុស្សធម៌របស់អនុសាខាស្រុកកំពង់លែង ពីលោក ចេង ចាន់ដូណា ប្រធានអនុសាខាកាកបាទ
ក្រហមស្រុកកំពង់លែង នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ដែលពិធីនេះបានធ្វើឡើង នៅក្នុង ឃុំដា ស្រុកកំពង់លែង ដោយមានការអញ្ជើញចូលរួមលោក ប៉ាល់ ជឿន លោក ហ៊ូ ប៊ុនថន លោក ឡេង សុភី សមាជិកសមាជិកាអនុសាខាកាកបាទស្រុក អាជ្ញាធរ ឃុំ ដា និងឃុំសំរោងសែន និងប្រជាពលរដ្ឋរងគ្រោះចូលរួមសរុបចំនួន១៥នាក់។
អាជ្ញាធរដែនដីបានធ្វើរបាយការណ៍ស្វាគមន៍ដោយបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី ២២ ខែ ឧសភា ២០១៥មានខ្យល់កន្ត្រាក់មួយលាយឡំដោយភ្លៀងផ្គររន្ទះផងនោះ បណ្តាលអោយផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៥ខ្នងក្នុងឃុំដា និងឃុំសំរោងសែនបានរងការខូចខាត។នៅក្នុងនោះចំនួន ៥ខ្នង ដួលរលំដល់ដី និង ទ្រេត ហើយចំនួន១០ខ្នង របើកដំបូល ផ្ទះប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះគឺក្នុងភូមិជ្រលង ឃុំដាចំនួន១៤ខ្នង និងភូមិសំរោងសែន ឃុំសំរោងសែន១ខ្នង។
លោក ឡេង សុភី មន្ត្រីអនុសាខាកាកបាទក្រហមស្រុកកំពង់លែងបានអោយដឹងថា៖អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកចែកជូន គ្រួសារជនរងគ្រោះទាំង១៥គ្រួសារ ក្នុងពេលនេះ មួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម,មី ១ កេះ ,ត្រីខ ១ យួរ, ឃីត ១មាន ( មុង ១ សារុង ១ ក្រម៉ា ១ ) ដោយឡែកគ្រួសារដែលរលំផ្ទះដួលដល់ដីចំនួន៥គ្រួសារ ទទួលបានតង់បន្ថែម១ៗ ផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ចេង ចាន់ដូណា ប្រធានអនុសាខាស្រុកកំពង់លែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាទាំងបី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចចៅហ្វាវាំង គង់សំអុល និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តែងតែខ្វាយខ្វល់ជានិច្ចចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង សុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ គឺជាសុខទុក្ខរបស់សម្តេច ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែង តែផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ
អ្វីនោះឡើយ។
លោក ចេង ចាន់ដូណា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា៖ សូមថែទាំសុខភាពអោយបានល្អ ត្រូវហូបចុកស្អាត រស់នៅស្អាតមានអនាម័យល្អ បុរសៗមិនត្រូវហូបចុកគ្រឿងស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារនោះឡើយ ត្រូវគិតគូរពីសុវត្តិភាពជាចម្បង ទប់ស្កាត់និងបង្កាគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាខ្យល់ព្យុះ រន្ទះបាញ់ ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសត្រូវប្រយ័ត្នសត្វមានពិសខាំ ចឹក និងកូនតូចៗប្រយ័ត្នធ្លាក់ទឹកលង់ស្លាប់ បើមានគ្រោះធម្មជាតិផ្សេងៗកើតឡើងត្រូវរកកន្លែងដែលមានសុវត្ថិភាពជ្រកនៅអោយបានល្អ។ កុំហូបទឹកទន្លេឆៅ ត្រូវប្រើធុងចំរោះ ឬដាំទឹកអោយឆ្អិន ត្រូវបង្កើនការដាំដុះដំណាំរួមផ្សំ កុំទុកដីជុំវិញផ្ទះអោយនៅទំនេរ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅអោយបានមានជីវភាពធូរធារកាត់បន្ថយបានភាពក្រីក្រ និងបង្កើនប្រាក់ចំណូលចិញ្ចឹមកូនចៅក្រុមគ្រួសារ ដើម្បីរស់នៅ
ប្រកបដោយសេចក្តីសុខ និងសុភមង្គល៕



































