ភ្នំពេញ៖ រថយន្តរ៉េហ្វ័រមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿនជ្រុលបុករបាំងថ្មពុះចែកទ្រួងផ្លួវបណ្ដាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង តាមបណ្ដាយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៤។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តរ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E-2644 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ង បានរ៉េចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង ធ្វើឲ្យម្ចាស់រថយន្តរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ចំណែករថយន្តបង្កសមត្ថកិច្ចយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមផ្លួវច្បាប់៕