ភ្នំពេញ៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងហើយត្រូវរថយន្តស្ទូចរបស់ក្រុមហ៊ុនជីកម៉ុងបុកពីក្រោយហើយកិន កាលពីវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៤ នៅចំណុចខាងលិចស្ថានីយ៍បូមទឹកបឹង ទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1C-1242 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ាក់ជាមួយរថយន្តស៊ិនទ្រីហើយក៏បានចាប់ហ្វាំងភ្លាមនោះក៏មានរថយន្តស្ទូចរបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-9914 ដែលធ្វើដំណើរស្របទិសគ្នាបានបុកចំពីក្រោយពេញទំហឹងបណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ។
ជនរងគ្រោះមានឈ្មោះពុធ ចាន់សេរីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ពាណិជ្ជសាស្រ ចំណែកអ្នកស្លាប់ឈ្មោះគង់ ចាន់ឌីណា ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកអក្សសាស្ត្រអង្គគ្លេស នៅសកលវិទ្យាល័យណតុន មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយពេលក្រោយ៕