ឯកឧត្តម ស្វាយ ស៊ីថា ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​ការងារ និង​ពង្រឹង​ការអនុវត្ត​ការផ្ដល់​សេវាសាធារណៈ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

0

​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ឃុំ​កុមារ​រាជា និង​ឯកឧត្តម កែវ រ៉េមី សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៥ បាន​ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​ការងារ​20150522_HESTH_3850មួយចំនួន ដោះស្រាយ​បញ្ហា​ប្រឈម និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​ក្នុង​មូលដ្ឋាន​ឃុំ​កុមារ​រាជា នៃ​ស្រុក​បាទី ខេត្តតាកែវ​។​​បន្ទាប់ពី​បាន​ស្ដាប់​នូវ​របាយការណ៍​បូកសរុប របស់​ឯកឧត្តម ស្វាយ សុវណ្ណ​រិ​ទ្ធ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ បាន​បង្ហាញថា ទន្ទឹមនឹង​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស និង​បានប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពល្អប្រសើរ ប៉ុន្ដែ​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​មូលដ្ឋាន​ក៏​នៅតែ​ជា​ក្ដីកង្វល់ ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដូចជា​ការផ្ដល់​សេវាសាធារណៈ​មិនបាន​ល្អ បញ្ហា​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​លេចលឺ​នូវ​ការកើតមាន​ចោរកម្ម ល្បែងស៊ីសង ក្មេង​ទំនើង ជាពិសេស ការចែក​ចាយ និង​សេព​គ្រឿងញៀន ដែល​បង្ក​ការភ័យខ្លាច​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។20150522_HESTH_3852
​ឯកឧត្តម ស្វាយ ស៊ីថា បាន​ជម្រុញ​ក្រុមការងារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ពង្រឹង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​លឿន​រហ័ស ដោយ​ប្រាប់​ទៅ មន្ដ្រី​ថ្នាក់ឃុំ មេភូមិ និង​ក្រុមយុវជន ត្រូវមាន​ការបិទ​ផ្សព្វផ្សាយ និង​អនុវត្តតាម​តម្លៃ​សេវាសាធារណៈ​ដែល​កំណត់ដោយ​រដ្ឋ និង​ត្រូវតែ​បញ្ឈប់​នូវ​ការយក​ប្រាក់​បន្ថែម​ពី​ប្រជាពលរដ្ឋ​លើ​តម្លៃ​សេវា​ដូចជា ការធ្វើ​អត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់​អត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​។​ល​។ ដោយ​មន្ដ្រី​គ្រប់រូប​ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​។​
​តំណាង​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ បាន​ឡើង​ប្តេជ្ញា​អនុវត្ត​ការផ្តល់​សេវាសាធារណ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​សន្យា​ធ្វើការ​ផ្សព្វផ្សាយ​នូវ​តម្លៃ​សេវាសាធារណៈ​ឲ្យ​បាន​ទូលំទូលាយ បន្ទាប់ពី​ឯកឧត្តម ស្វាយ ស៊ីថា បាន​ជំរុញ​ឲ្យ​មេភូមិ​ទាំង ១៣ នៅក្នុង​ឃុំ សហការ​ជាមួយ​ក្រុមយុវជន​ក្នុងការ​សម្រួល​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាព​លើ​រដ្ឋ ដូច​ការអះអាង​របស់​មេភូមិ និង​លោក សំ សុវណ្ណ ស្មៀនឃុំ​កុមារ​រាជា ដូចតទៅ​នេះ​៖​ការធ្វើ​អត្រានុកូលដ្ឋាន ដែល​កំណត់ដោយ​ច្បាប់​របស់​រដ្ឋ គឺ​ឃុំ និង​ខ្ញុំ​ជា​ស្មៀនឃុំ សូម​ប្ដេជ្ញាចិត្ត​ថា ធ្វើ​ទៅតាម​គោលការណ៍​របស់​រដ្ឋ ដែល​បានកំណត់ ។ ដូចនេះ​ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​ថា រាល់​ការងារ​ដែល​ធ្វើ​អត្រានុកូលដ្ឋាន​ទាំងអស់ គឺ​ប្ដេជ្ញា​ធ្វើទៅ​តាមច្បាប់​របស់​រដ្ឋ ហើយ​បើ​បងប្អូន​អាច​ឲ្យ លើសពី​ការកំណត់ គឺ​យើងខ្ញុំ​សូម​ប្ដេជ្ញាចិត្ត មិន​ទទួល​ទាំងអស់​។ ដូចនេះ ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​ថា ធ្វើ​ឲ្យ​បាន ១០០%​។​
​ឯកឧត្តម ស្វាយ ស៊ីថា បាន​រំលឹក​ឡើងវិញ​បន្ទាប់ពី​មន្ត្រី​មូលដ្ឋាន​បានប្រកាសថា នឹង​គោរព​អនុវត្ត​ឲ្យ​បាន​ប្រសិទ្ធភាព​លើ​ការងារ​ផ្តល់​តម្លៃ​សេវាសាធារណៈ​នេះ ដោយ​ឯកឧត្តម បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ​ត្រូវតែ​បញ្ឈប់​ទាំងស្រុង​នូវ​ការិយាធិបតេយ្យ ៖ «​ទាំង​ក្រុមប្រឹក្សាឃុំ ទាំង​ថ្នាក់ដឹកនាំ​ភូមិ​ទាំង ១៣ គឺ​បាន​ឯកភាពគ្នា ទីមួយ ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលាយ នូវ​តម្លៃ​សេវាសាធារណៈ ដែល​រដ្ឋ​បានកំណត់​។ ទី​ពីរ ឯកភាព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ការកំណត់​តម្លៃ​សេវាសាធារណៈ​របស់​រដ្ឋ​។ ទី​បី ក្រុមការងារ​របស់​យើង សហការ​បោះពុម្ព ជួយ​បិទ​ផ្សព្វផ្សាយ​ទាំង ១៣ ភូមិ និង​នៅ​សាលាឃុំ​។ ទី​បួន ក្រុមការងារ​របស់​យើង ប្រើប្រាស់​យុវជន​របស់​យើង គឺ​ទីមួយ ផ្សព្វផ្សាយ​រឿង​ហ្នឹង និង​ទី​ពីរ តាមដាន​ឃ្លាំមើល​ការអនុវត្ត ការយក​តម្លៃ​សេវាសាធារណៈ ដែល​រដ្ឋ​បានកំណត់​»​។​
​ពាក់ព័ន្ធ​នឹង​ការងារ​ផ្ដល់​សេវាសាធារណៈ ក្នុងនោះ​បញ្ហា​ការធ្វើ​លិខិតបញ្ជាក់​អត្រានុកូលដ្ឋាន​ដែលជា​ការងារ​ធ្លាប់​ទទួលរង​នូវ​ការ​រិះគន់ថា មន្ត្រី​មួយចំនួន​មាន​ការទទួល​លុយកាក់​ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នៃ​ការទទួល​សេវា​បាន​លឿន រហ័ស ឯកឧត្តម កែវ រ៉េមី ក្នុងនាម​ជា​សមាជិក​១​រូប​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក៏បាន​ក្រើនរំលឹក​ដល់​មន្ដ្រី​ក្រុមប្រឹក្សាឃុំ ស្មៀន ត្រូវតែ​បញ្ឈប់​ការទទួលយក​ប្រាក់​ពី​ប្រជាពលរដ្ឋ​លើស​តម្លៃ​សេវា​កំណត់ដោយ​រដ្ឋ បើទោះបី​ប្រជាពលរដ្ឋ​ឲ្យ​លុយ​ក្រៅ​សេវា ក៏​មិនត្រូវ​ទទួលយក​ដែរ ដើម្បី​បញ្ចៀស​បាន​នូវ​ការប្រឈមមុខ​ផ្លូវច្បាប់ ។​20150522_HESTH_3825
​ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ហាមប្រាម​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​ការទារ​ប្រាក់​បន្ថែម​ពី​ប្រជាពលរដ្ឋ​លើ​តម្លៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​រដ្ឋ​កំណត់​យក​តម្លៃ​ត្រឹមតែ​១០០០០​រៀល គឺ​សមត្ថកិច្ច​មិនត្រូវ​ទារ​បន្ថែម ២០០០​រៀល​ទៀត​នោះទេ បើទោះបីថា ប្រាក់​២០០០​រៀល​នេះ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ស​ម្ភា​រៈ ចុះ​ដល់​ភូមិ និង​ការហូបចុក​របស់​មន្ត្រី​ក្រុមការងារ​ក្តី គឺត្រូវធ្វើ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​គាបសង្កត់​បន្ថែ​ម​លើ​ការលំបាក​របស់​ប្រជាពលរដ្ឋ​។
​ការលើកឡើង​នេះ​ត្រូវបាន​លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី​ទទួល​យកទៅអនុវត្ត និង​ក៏បាន​ធ្វើការ​ទាក់ទង​ភ្លាមៗ​ទៅ​អ្នកជំនាញ​ដែល​កំពុង​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅតាម​ភូមិ​មួយចំនួនទៀត ក្នុង​ឃុំ​កុមារ​រាជា ឲ្យ​បញ្ឈប់​យកប្រាក់​២០០០​រៀល​ពី​ប្រជាពលរដ្ឋ ចាប់ពីពេលនេះ​តទៅ​!​ដោយឡែក ឆ្លើយតប​ចំពោះ​កង្វល់​អំពី​កម្សោយ​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ការកើតមាន ចោរកម្ម ល្បែងស៊ីសង ជាពិសេស បញ្ហា​គ្រឿងញៀន​ក្នុងភូមិ​មួយចំនួន​ក្នុង​ឃុំ ឯកឧត្តម ស្វាយ ស៊ីថា ចាត់ទុកថា បញ្ហា​គ្រឿងញៀន គឺជា​ភ្នក់ភ្លើង​ដែល​ត្រូវតែ​ពន្លត់ និង​ចាំបាច់​ត្រូវតែ​លើកកម្ពស់​គុណភាព អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ធានាបាន​នូវ​សុខសន្តិភាព និង​ទំនុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ ។​
​លោក ឃុ​ត ឡូ អធិការរង​នគរបាល​ស្រុក​បាទី និង​លោក ណុប ស៊ី​ម៉ុ​ន នាយប៉ុស្ដិ៍​នគរបាល​ឃុំ​កុមារ​រាជា ក៏បាន​ឡើង​ប្ដេជ្ញាចិត្ត ថា​៖ ខ្ញុំបាទ​វរសេនីយត្រី ឃុ​ត ឡូ អធិការ​ង​ទទួលបន្ទុក​យុត្តិធម៌​ស្រុក​បាទី ខ្ញុំបាទ​ប្ដេជ្ញា​យកចិត្តទុកដាក់ និង​បង្ក្រាប​គ្រប់​បទល្មើស​ផ្សេងៗ គ្រប់​ប្រភេទ​នៅ​ស្រុក​បាទី ទាំង ១៥​ឃុំ ពិសេស​ឃុំ​កុមា​រាជា​មិន​ឲ្យ​មាន​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​តទៅទៀត​ខ្ញុំ​សូម​ប្ដេជ្ញា​មុខ​អង្គប្រជុំ​ថា នឹង​ខិតខំ​អនុវត្ត​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ ពិសេស​ឃុំ​កុមា​រាជា​នេះ​ឲ្យ​ទៅជា​ឃុំ​គំរូ ។ ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត យកចិត្តទុកដាក់ ១០០%​។
​សម្តី​របស់លោក ស៊ី​ម៉ុ​ន ៖ ខ្ញុំ​សន្យាថា រដ្ឋ​អនុវត្ត​ហើយ ពេល​ឲ្យ​លុយ​ក្នុង ឬ​ក្រៅ លើ​តុ​ក៏ដោយ ក្រោម​តុ​ក៏ដោយ​ឲ្យ​ប្រពន្ធ​ក៏ដោយ គឺ​ខ្ញុំ​មិន​យក ខ្ញុំ​ប្ដេជ្ញា​ថា​មិន​យក​ជាដាច់ខាត​។​
​បន្ទាប់ពី​បានលឺ​នូវ​ការប្ដេជ្ញាចិត្ត​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ​ហើយ​នេះ ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ជំរុញ​ឲ្យ​ក្រុមការងារ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​អនុវត្ត​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ គឺ​ត្រូវ​ចូលរួម​កម្ទេច​ឲ្យ​អស់​នូវ​រាល់​បទល្មើស ចែកចាយ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន គឺ​សូម​ឲ្យ​មាន​វិធានការ​ជាក់ស្ដែង​។​
​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន នាឱកាស​នោះដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏​ផ្ដោត​ជា​កង្វល់​នៅក្នុង​ឃុំ​កុមា​រាជា អំពី​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់ ទាំង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ទទួលទាន​ប្រចាំថ្ងៃ ទឹក​សម្រាប់ធ្វើ​ស្រែចំការ ដាំ​ដំណាំ និង​សូម្បីតែ​ទឹក​សម្រាប់​សត្វពាហនៈ ក៏​ស្ទើរតែ​គ្មាន​ផង​នោះ ដោយមាន​ប្រសាសន៍ថា នឹង​ខំប្រឹង​រិះរក​វិធី​ដោះស្រាយ​បញ្ហា​នេះ ដូចជា​ចលនា​ឲ្យ​មាន​ការជីក​ស្រះ ស្ដា​ស្រះ ជួសជុល​អណ្ដូង និង​ប្ដេជ្ញា​ខិតខំ​ដោះស្រាយ​ជា​ជំហានៗ ដោយ​តុល្យភាព តម្លាភាព និង​កំណត់​ភូមិ​ជា​អាទិភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។20150522_HESTH_3822
​ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​មានប្រសាសន៍​ផងដែរ​ថា នឹងធ្វើ​ការប្រជុំ​នៅ​ខែក្រោយ​ទៀត ដើម្បី​ត្រួតពិនិត្យ​ការងារ​ដែល​បាន​ឯកភាពគ្នា​នេះ និង​ស្វែងរក​បញ្ហា​ដែលជា​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​មក​ពិនិត្យ និង​ដោះស្រាយ​ជា​បន្ដបន្ទាប់ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ជាពិសេស​ក្នុងការ​ជំរុញ​ឲ្យ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។ បន្ទាប់មក​ក្រុមការងារ​ទាំងអស់​ក៏ បានទទួល​ទាន​អាហារ​រួមគ្នា នៅនឹងកន្លែង​សាលប្រជុំ ក្នុង​ស្មារតី​សាមគ្គី​ឯកភាពគ្នា​និង​បរិ​យា កាស ស្និទ្ធស្នាល​បំផុត​។​