​ដាក់​ស្រាថ្នាំ​អស់​កន្លះ​លីត្រ និង​ទឹកដោះ​ឆៅ​មួយ​កំប៉ុង មាន​កម្លាំង យក​កែវ​គប់​បែក ទូរទស្សន៍ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​

0

​ភ្នំពេញ ៖ ជន​ទំនើង​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង ផឹកស្រា​ថ្នាំ​អស់​កន្លះ​លីត្រ និង​ទឹកដោះ​ឆៅ​មួយ​កំប៉ុង មាន​កម្លាំង ក៏​យក​កែវ​គប់​បែក ទូរទស្សន៍ របស់​ហាង​អស់​មួយគ្រឿង ។​ ​នាយ​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ លោក មាស ហែល បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជន​ទំនើង​ខាងលើនេះ បានធ្វើ​ឡើង​តាម​បណ្តឹង​របស់​ម្ចាស់​ហាង កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​ហាង​កាហ្វេ ផ្ទះជួល ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​យក​បាត សង្កាត់​ក្បាលកោះ ខណ្ឌ​មាន ជ័យ ។ ជនសង្ស័យ​មានឈ្មោះ​ម៉ៅ វាសនា អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ ។​ ​

តាម​ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​រូបនេះ​បាន​ផឹកស៊ី​ក្នុងផ្ទះ​របស់ខ្លួនរ​ហូត​ដល់​ស្រវឹង​ជោកជាំ នៅផ្ទះ​របស់ខ្លួន ក្រោយមក ក៏​ចូលមក​ផឹក​កាហ្វេ​នៅក្នុង​ហាង​កើតហេតុ ផឹក​ទឹកដោះគោឆៅ​អស់​មួយ​កំប៉ុង​ទៀត ក៏​កើតមាន​ទំនាស់​ពាក្យសម្តី​ជាមួយ​អ្នក​ផឹក​កាហ្វេ ដោយ​មិនដឹង​មូលហេតុ ។ លុះ​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បែក​មាន​កម្លាំង ហើយ​ក្លាហាន ក៏បាន​បញ្ចេញ​ច​រិ​ក​កាច​សាហាវ ដោយ​យក​កែវ​គប់​ទៅលើ​ទូរទស្សន៍ LCD ៤០​អ៊ិ​ញ ដែល​ដាក់​ជាប់​នៅ​ជញ្ជាំង​បណ្តាល​ឲ្យ​បែក ។

ភ្លាមៗ​នោះ ជនសង្ស័យ​មានបំណង​គេចខ្លួន តែ​ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាមៗ​បញ្ជូន​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ក្បាលកោះ​ដើម្បី​ធ្វើ​កំណត់ហេតុ ។​ ​លោក មាស ហែល នាយប៉ុស្តិ៍​នគរបាល​ក្បាលកោះ​ស្តីទី​បាន​ឲ្យ​ដឹងថា ជន​ទំនើង​រូបនេះ​គឺជា​មុខសញ្ញា​មិនល្អ​នៅក្នុង​មូលដ្ឋាន តែងតែ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ច​រិ​ក​កាច​សាហាវ ប៉ុន្តែ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​នោះទេ ហើយ​ជននេះ​ក៏​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​សមត្ថកិច្ច​ផងដែរ ។

នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​រូបនោះ​បាន​ផឹក​ស្រវឹង​នៅផ្ទះ​របស់ខ្លួន​រួចមក​បង្ក​ការអុកឡុក​នៅក្នុង​ហាង​កាហ្វេ​ថែមទៀត​រហូត​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ហាង ហើយ​ត្រូវ​ម្ចាស់​ហាង​ប្តឹង​ទើប​ឈានដល់​ការចាប់ខ្លួន​ជាក់ស្តែង​តែម្តង ។​ ​ក្រោយ​ឃាត់ខ្លួន​សង្ស័យ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ 01