បន្ទាយមានជ័យៈ បន្ទាប់ពីមានការផ្ទុះការតវ៉ា រហូតឈានដល់អំពើរហឹង្សា វាយនិងគុបដុំថ្មកម្ទេចរថយន្ត អាគាការិយាល័យគយនិងរដ្ឋករគយ ក្រុងប៉ោយប៉ែត កាលពីរសៀលម្សិលមិញរបស់កម្មករអូសរទះ ប្រមាណជាង១០០នាក់ ។ ឥឡូវអាជ្ញាធរសមត្ថកិច្ចក៏ដូចជាគយកំពុងតែ
បង្កើតគណៈកម្មាការពិនិត្យវាយតំលៃការខូចខាត ទ្រព្យឯកជន និងរដ្ឋដើម្បីឈានទៅដល់ការស្រាវជ្រាវបង្ក្រាប ជនដែលនៅពីក្រោយកម្មករអុសរទះ ។
លោក ឈួន ហៃ ប្រធានការិយាគយ និងរដ្ឋករក្រុងប៉ោយប៉ែតបានអោយដឹងនៅព្រឹកនេះថា បច្ចុប្បន្នកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនបង្ករ និងជនដែលនៅពីក្រោយខ្នងរបស់កម្មករអូសរទះមកអនុវត្តតាមច្បាប់ ហើយចំពោះការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនដែលកម្មករគុបនិងវាយកម្ទេច រថយន្ត អាគារការិយាល័យ និងបំបុកទម្លុះទ្វារដើម្បីចូលនោះ អគ្គ
នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្តីប្រកាសព័ត៍មាន ពីហេតុការណ៍ដែលកើតឡើងហើយទន្ទឹមនោះគណៈកម្មាការចម្រុះមួយដែលរួមមានតំណាងអាជ្ញាធរដែលដី ស្ថាប័ណតុលាការ សមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត នឹងចុះធ្វើការសើបអង្គេត ស្រាវជ្រាវរកការពិតដែលនៅពីក្រោយអំពើរហឹង្សានេះ ជូនសាធារណៈជនបានជ្រាបនាពេលខាងមុខ ។
បើតាមរបាយការណ៍របស់អាជ្ញាធរក្រុង កាលពីល្ងាចម្សិលមិញទ្រព្យសម្បត្តិរដ្ឋ និងឯកជនរួមមានរថយន្តរបស់មន្ត្រីគយចំនួន៧គ្រឿងរងការខូចខាតយ៉ាងតំណំ និងបែកកញ្ចក់ បង្អួចទ្វារ របស់ការិយាល័យគយ និងបានធ្វើអោយរបួសសន្តិសុខគយចំនួនម្នាក់ ។
គួរបញ្ចាក់ថា ហេតុការណ៍ហឹង្សាខាងលើបានបំបែកហ្វូងកម្មករអូសរទះអោយរត់ចែកជើងគ្នាបន្ទាប់ពីកម្មករអូរទះបំរុងសម្រុកចូលការិយាល័យគយ ត្រូវបានកំលាំងអាវុធហត្ថបាញ់ឡើងលើគំរាមជាច្រើនគ្រាប់ ៕




































