សៀមរាប៖ អំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជាត្រូវបានលោកស្រីគួយណាលីន អនុគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៥

មកពី៣៥ភូមិង ក្នុង៥សង្កាត់ របស់ក្រុងសៀមរាប ខេត្តសៀមរាប ចំនួន១៩០គ្រួសារ កាលពីរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៥ នៅទីស្នាក់ការសាខាកាកបាទ ក្រហម កម្ពុជាខេត្ត ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា និង អាជ្ញាធរមូលដ្ឋានផងដែរ ។
ក្នុងនាមឯ.ឧឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈ អភិបាលខេត្ត លោកស្រី គួយ ណាលីន ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ទាំងអស់ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ របើកដំបូលផ្ទះ ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមជានិច្ច។ ជាក់ស្ដែងថ្ងៃនេះដោយទទួលបានព័ត៌មានថាមានប្រជាជនរងគ្រោះធម្មជាតិនៅសង្កាត់ចំនួន៥ របស់ក្រុងសៀមរាប កាលពីពេលកន្លងទៅនេះហើយនៅថ្ងៃនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ដើម្បីយកមកចែកជូនបងប្អូនផងដែរ។

លោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថាសម្ដេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនៅកណ្ដោចកណ្ដែង និង ស្លាប់ដោយអត់អាហារ គ្មានទីជំរកនោះឡើយ ។ លោកស្រី គួយ ណាលីន បានបន្តទៀតថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនអាចសងទៅនឹងការខូចខាតរបស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹក នាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។ ក្នុងនោះដែរលោកជំទាវ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់នូវរាល់សម្ភារៈឧបករណ៍កសិកម្មក្នុងការបង្កបង្កើនផល ព្រោះរដូវវស្សានឹងចូលមកដល់ហើយក្នុងការងាយស្រួលបង្កបង្កើនផលឲ្យបានទាន់រដូវផងដែរ។ ម្យ៉ាងទៀតត្រូវប្រុងប្រយ័ត្នចំពោះកូនតូចៗរបស់ខ្លួនកុំឲ្យមានជម្ងឺសង្កាត់ ពិសេសត្រូវឲ្យកុមារតូចៗសៀកពាក់ខោវអាវវែងៗដើម្បីកុំឲ្យមូសខ្លាខាំនាំកើតជម្ងឺគ្រុនឈាមដល់កុមារ នឹងនាំគ្នាចូលរួមកំចាត់នូវជម្រកមូសខ្លាក្នុងការបំបាត់ជម្ងឺគ្រុនឈាមកុំឲ្យកើតមកលើកុមារនិង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលភ្លៀងផ្គរន្ទះយើងមិនត្រូវប្រាស់នូវឧបករណ៍ ដែលមានចរន្តទាក់ទងទៅនឹងរន្ទះ ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។
អំណោយដែលបងប្អូនរងគ្រោះទាំង១៩០គ្រួសារទទួលបាន មាន មុខ ១ ភួយ១ សារ៉ុង១ ក្រមា១ កន្ទេល១ ចានបាយ ៥ ស្លាបព្រា ៥ ឆ្នាំង១ និង អង្ករ ២៥គក្រផងដែរ ។
នារសៀលថ្ងៃនោះដែរក៏មានក្រុមហ៊ុនទឹករ៉ែធម្មជាតិអូរគូលែន បាននាំយកទឹកបរិសុទ្ធអូរគូលែន ចំនួន១៥០ កេស និង អង្ករ ១ពាន់គីឡូក្រាម យកមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមវត្តមានរបស់ លោកស្រី គួយ ណាលីន អនុគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

តាមការបញ្ជាក់របស់លោក PIERRE RIETSCH នាយកបច្ចេកទេសក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូរគូលែន បាន មានប្រសាសន៍ថា ដោយមើលឃើញនូវភាពចាំបាច់នៃតម្រូវការ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះដែលមានកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាសំខាន់នៅពេលថ្មីៗ កន្លងមកនេះ ។
ក្នុងនោះដែរលោកស្រី គួយ ណាលីន ក៏បានថ្លែងអំណរគុណពីទឹកចិត្តដ៏សប្បុរសធម៌ របស់ ក្រុមហ៊ុនទឹករ៉ែធម្មជាតិអូរគូលែនដែលតែងតែចូលរួមក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំខាន់សាខាកាកបាទក្រហមខេត្តសៀមរាប ។ លោកជំទាវបានបន្តទៀតថា រាល់អំណោយទាំងនេះគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង យកទៅប្រើប្រាស់ជួយសង្គ្រោះដល់ជនរងគ្រោះ ចាស់ជរា ជនពិការ គ្មានទីពឹងជាដើមផងដែរ ៕




































