កំពង់ឆ្នាំង៖អនុវត្តការទប់ស្កាត់ការទន្ទ្រានយកដីព្រៃឈើទឹក ដោយការកាប់ឆ្ការ ដុតបំផ្លាញ និងការបាញ់ថ្នាំសំលាប់ព្រៃឈើ ពីសំណាក់ជនខិលខូចមួយចំនួនដើម្បីប្រយោជន៍ខ្លួននោះ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផល
កំពង់ឆ្នាំង និងលោក លី ឡា នាយរងខ័ណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះរួមនឹង អាជ្ញាធរភូមិឃុំស្រុក ចុះយកផ្លាកការពារព្រៃឈើលិចទឹក ទៅបោះនៅទីតាំងព្រៃឈើលិចទឹកដែលងាយរងគ្រោះ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក សោម ភិរុណ នាយខ៍ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ទីតាំងព្រៃឈើលិចទឹកដែលកម្លាំងចំរុះបានដាក់ផ្លាកការពារនេះ ត្រូវបានទទួលរងគ្រោះដោយអគ្គីភ័យចំនួន២លើកនៅក្នុងខែមេសា ឆ្នាំ២០១៥ ហើយបន្តមកទៀតក៍មានការលួចបាញ់ថ្នាំសំលាប់ព្រៃ ក្នុងរង្វង់ព្រៃទំហំប្រមាណជាង១១ហិកតា ដែលជនខិលខូចទាំងនោះបានធ្វើឡើងដោយលួចលាក់មិនអោយសមត្ថកិច្ចជំនាញដឹងដើម្បីយកដីធ្វើចំការ។
ការកាប់បំផ្លាញព្រៃឈើលិចទឹក គឺជាការបំផ្លាញអាយុជីវិត និងស្បៀងខ្លួនឯង ព្រោះថាព្រៃឈើលិចទឹកមានសារៈប្រយោជន៍ក្នុងស្រូបយកសារធាតុពុលពីបរិយាកាសបាន៣ដង បើប្រៀបធៀបជាមួយព្រៃឈើនៅតំបន់ខ្ពង់រាប។ព្រៃឈើលិចទឹកជាសំបុកសំរាប់ត្រីពងកូននៅរដូវបិទនេសាទ ជាកន្លែងលាក់ខ្លួននៃកូនមច្ឆាជាតិទាំងឡាយពីសត្រូវ។ព្រៃឈើលិចទឹកជារបាំងការពារការហូរច្រោះ និងជារបាំងការពារនូវខ្យល់ព្យុះនានាផងដែរ។
លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសំណូមពរអោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋតែម្តង ក្នុងការការពារតំបន់ព្រៃឈើលិចទឹកទាំងអស់នៅក្នុងខេត្ត។ការកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹក គឺប្រឈមមុខនឹងការដាក់ទោសទណ្ឌ័នៅក្នុងមាត្រា៩៨នៃច្បាប់ស្តីពីជលផល ដែលត្រូវជាប់ពន្ធនាគារពី៣ទៅ៥ឆ្នាំ និងត្រូវដកហូតវត្ថុតាងជាសម្បត្តិរដ្ឋ ហើយត្រូវពិន័យជាប្រាក់រាប់លានរៀលទៀតផងដែរ៕


































