ភ្នំពេញ ៖ ឪពុកម្នាក់បានចាប់កូនប្រុសរបស់ខ្លួនឯង យកមកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីកូនប្រុសគាត់ ធ្វើសកម្មភាព បទល្មើសឆក់ខ្សែកគេបានហើយរត់ឡើងមកលើផ្ទះកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ឋិតនៅតាម បណ្តោយមហាវិថីកម្ពុជាក្រោម ត្រង់ចំណុចមុខផ្សារទំនើបស៊ីដនី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់បានសម្រេច រត់មកពួនសំងំលើផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍មិត្តភាពបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ឹម ពៅអារុណឫទ្ធិ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំផ្ទះលេខ១៥៥E0 (ជាន់ទី៣) ឋិតតាមផ្លូវឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជិះម៉ូតូធ្វើសកម្មភាពម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1D-8738 ។ ជនរងគ្រោះឈ្មោះ ឆុន ស្រីនិច អាយុ២៧ឆ្នាំ ស្នាក់នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-7168 ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីជនសង្ស័យឆក់ខ្សែកប្លាទីនទម្ងន់ជាង២ជីបានសម្រេចហើយ ជនសង្ស័យបានរត់មកពួនសំងំ នៅលើផ្ទះរបស់ខ្លួន ។ នៅពេលឃើញជនសង្ស័យយកខ្សែកទៅឡើងទៅលើផ្ទះ បុរសជាឪពុកដោយ ដឹងថា កូនរបស់ខ្លួនជាមនុស្សញៀនថ្នាំ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកខាត់ខ្លួនតែម្តង ។
តាមសម្តីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបនាងជិះម៉ូតូម្នាក់ឯងតាមបណ្តោយ មហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ។ ពេលជិះមកដល់ខាងមុខផ្សារទំនើបស៊ីដនី ជនសង្ស័យក៏បានជិះម៉ូតូមកក្បែរម៉ូតូរបស់នាង ហើយធ្វើសកម្មភាពឆក់ខ្សែរបស់នាងតែម្តង ហើយនាងក៏បានស្រែកឆោឡោនិងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ត ចំណែកខ្សែកត្រូវ បានប្រគល់ជូនជនរងគ្រោះវិញ ៕