បន្ទាយមានជ័យ ៖ បុរសម្នាក់រួមនិងកុមារីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹងកាលពីថ្ងៃទី២៧ ឧសភា ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែករពៅឃុំឫស្សីក្រោក មង្គលបូរីខេត្តបន្ទាយមានជ័យ
លោក យន យុន អធិការរងទទួលចរាចរជើងគោកនៃអធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកបណ្តាលមកពីរថយន្តកាមារីមួយគ្រឿងសេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ 2A-6512 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តឡើងវ៉ារថយន្តមួយគ្រឿងទៀតប្រភេទប៉ែនដឹកដីមិនបានប្រយ័ត្នក៏ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I 8669 ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយមនុស្សចាស់ក្មេង២នាក់រងរបួសដែលរួមមាន ១.ឈ្មោះ កិប ថេត ភេទ អាយុ៤៦ឆ្នាំរស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរងរបួសក្បាល បាក់ឆ្អឹងភ្លៅ និងឆ្អឹស្មងជើងខាងឆ្វេង ២.ឈ្មោះ កៃ ឡៃ ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នារងរបួសក្បាល បាក់ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងខាងឆ្វេងដូចគ្នា ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យអង្អែកមិត្តភាពកម្ពុជា-ជប៉ុន ឯជនបង្ករក្រោយកើតហេតុបានធ្វើការរត់គេចខ្លួនបាត់បន្សល់តែប័ណ្ណសម្គាល់ខ្លួនមួយសន្លឹកដែលមានឈ្មោះថា កាន់ ស្មារតី តួរនាទីជាអ្នកយកព័ត៍មាន ចេញដោយក្រសួងព័ត៍មាន ចំណែករថយន្តបង្ករ និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីរងចាំការដោះស្រាយតាមច្បាប់ ៕




































