ប្រជាពលរដ្ឋ៣ឃុំ ក្នុងខេ្តកំពង់ឆ្នាំង រិះគន់ទៅលើនាយសង្កាត់រដ្ឋបាលព្រៃឈើខ្សែតដំរីស ថា គ្រាន់តែដឹកអុសបន្តិចបន្តួចក៏ចម្រិតទាលុយ ពីប្រជាពលរដ្ឋដែរប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ មានឃុំក្បាលទឹក ឃុំទួលខ្ពស់ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរាយការណ៍ដល់
អ្នកយកពត៌មានយើង ឲ្យជួយចេញផ្សាយ ដើម្បីជូនថ្នាក់លើបានជ្រាប ពីព្រោះសព្វថ្ងៃនេះ ប្រជាពលរដ្ឋទាំង៣ ឃុំខាងលើ កំពុងក្តៅក្រហាយយ៉ាងខ្លាំង ចំពោះលោក សំ រិទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើខ្សែតដំរីស ដែលបានដាក់កម្លាំងចាំជំរិតទារលុយ ពីប្រជាពលរដ្ឋ ដោយគ្រាន់តែដឹកអូស ដឹកធ្យូង និងឈើសម្រាប់ប្រើប្រាស់តិចតួចក្នុងគ្រួសារ ។ប្រជាពលរដ្ឋបានរាយករណ៍បន្ត អោយដឹងថា សព្វថ្ងៃនេះ លោក សំ រិទ្ធី ដែលជានាយសង្កាត់ព្រៃឈើខ្សែតដំរីស ចំណុះអោយផ្នែករដ្ឋបាលរមាស បានយកមនុស្ស២នាក់ ដែលមិនមែនជាមន្ត្រីនៅក្នុងក្របខ័ណ្ឌ របស់រដ្ឋបាលព្រៃឈើ អោយទៅចងអង្រឹងដេក ចាំនៅតាមច្រកផ្លូវសំខាន់ៗ ដើម្បី
ជំរិតទារលុយពីប្រជាពលរដ្ឋ ដែលដឹកអុស ដឹកធ្យូង បង្គោលរបង និងឈើតិចតួច សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ។ ជនស៊ីវិលទាំង២នាក់ ដែលលោក សំ រិទ្ធី អោយទៅចាំយកលុយពីប្រជាពលរដ្ឋនោះ លេងខ្លាំងដៃសំបើមណាស់ បើប្រជាពលរដ្ឋណា មិនព្រមបង់លុយទៅអោយពួកគេ តាមការទាមទារទេ គេនឹងចាប់យករទេះ យកគោយន្ត ទៅទុកនៅស្នាក់ការភ្លាម ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ អ្នកយកពត៌មានយើង មិនទាន់អាចសុំការទំនាក់ទំនង បំភ្លឺណាមួយពីលោក សំ រិទ្ធី បាននៅឡើយទេ ៕



































