ក្បាលដីចំនួន៥៥៣របស់ប្រជាពលរដ្ឋ ត្រូវបានប្តឹងជំនាស់ ពីខ័ណ្ឌព្រៃឈើ និងបរិស្ថាន មិនអោយចេញប្លង់កម្មសិទ្ធិ ត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចាត់តាំងក្រុមការងារ ចំរុះថ្នាក់ខេត្តដែលដឹកនាំដោយលោក លី សុភា អនុប្រធានមន្ទីរសូរិយោដីខេត្ត បានធ្វើការចុះពិនិត្យជាក់ស្តែង ចាប់ពីថៃ្ងទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ លើក្បាលដីចំនួន៥៥៣ក្បាលដីរួចរាល់ ហើយក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះ និងបានបើកកិច្ចប្រជុំ ធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត និងគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្តពិនិត្យនិងសំរេច ។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ លោក លី សុភា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យ និងដោះស្រាយបញ្ហាដី របស់ប្រជាពលរដ្ឋក្នុងភូមិដំណាក់ខ្លុង ភូមិដំណាក់អំពិល និងភូមិអូរល្ពៅ ឃុំក្រាំងស្គារ បានមានប្រសាសន៍អោយដឹងថា គិតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ គឺមានរយៈពេលជាង១សប្តាហ៍នេះ ដែល ក្រុមការងារចំរុះថ្នាក់ខេត្ត បានចុះពិនិត្យដោះស្រាយលើក្បាលដីទំនាស់ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិទាំង៣ នៃឃុំក្រាំងស្គារ ស្រុកទឹកកំពង់ឆ្នាំង ។លោកបានបន្តថា ជាលទ្ធផលក្នុងការពិនិត្យ គឺក្បាលដីចំនួន៥៥៣ក្បាលដី ត្រូវបានពិនិត្យរួចរាល់ និងបានដាក់ជូនឯកឧត្តមអភិបាលខេ ត្តនិងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការពិនិត្យ និងសំរេចជាបន្តទៀត ។ នៅក្នុង៥៥៣ក្បាលដី មានប្រភេទដីភូមិ ដីស្រែ ដីចំការ ជាក្បាលដីដែលមានផ្ទះសំបែង ការដាំដុះដំណាំស្រែចំការ អាស្រ័យផលជាក់ស្តែង នៅក្នុងភូមិដំណាក់ខ្លុង និងភូមិដំណាក់អំពិល ចំនួន១៣៧ក្បាលដី ស្មើនឹង
៦៩២,៦០ហិកតា ឬផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ ។ ចំពោះក្បាលដី ប្រភេទដីព្រៃកាប់រានថ្មី និងភ្ជួររួចខ្លះ ក្នុងឆ្នាំ២០១២តែមិនទាន់បានអាស្រ័យផល នៅក្នុងភូមិដំណាក់ខ្លុង និងភូមិដំណាក់អំពិលចំនួន៨៨ក្បាលដី ស្មើនឹង៥៦៩,២៤ហិកតា គួរផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់មានលទ្ធភាព បង្កបង្កើនផលស្របច្បាប់ ។ ដោយឡែកដីព្រៃរបោះ ចំនួន២៦៨ក្បាលដី ស្មើនឹង១១៤០,៤៦ហិកតា នៅក្នុងភូមិដំណាក់ខ្លុង ភូមិអូរល្ពៅ ភូមិដំណាក់អំពិល និងដីព្រៃក្រាស់ មានចំនួន៤០ក្បាលដី ស្មើនឹង២៩០,៤៧ហិកតា នៅក្នុងភូមិដំណាក់ខ្លុង នឹងដំណាក់អំពិល គឺក្រុមការងារចំរុះថ្នាក់ខេត្ត ដាក់ជូនឯកឧត្តមអភិបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិនិត្យនិងសំរេច ។
លោក លី សុភា បានបន្តទៀតថា នៅក្នុងរយៈពេលនៃការវាស់វែង ពិនត្យលើក្បាលដីទាំង៥៥៣ក្បាលដីនោះ ប្រជាពលរដ្ឋដែលមានក្បាលដីទាំងអស់ បានស្ម័គ្រចិត្តចូលរួមសហការ ជាមួយក្រុមការងារចំរុះថ្នាក់ខេត្ត ក្នុងទឹកចិត្តរីករាយ និងសង្ឃឹម មិនមានប្រតិកម្មណាមួយ គួរអោយកត់សម្គាល់នោះឡើយ ហើយក្រុមការងារចំរុះថ្នាក់ខេត្ត សង្ឃឹមថា ឯ,ឧអភិបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិនិត្យ និងសំរេច តាមការស្នើសុំ របស់ក្រុមការងារចំរុះរបស់លោក ៕




































