ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ បានរិះគន់ថា បច្ចុប្បន្ននេះគេសង្គេតឃើញថា មានការកាប់បំផ្លាញព្រៃលិចទឹកដុតធ្វើចំការ និងធ្វើស្រែប្រាំង នៅតាមកោះ មាត់បឹងទន្លេសាប ក្នុងទឹកដីភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងរីករាលដាលយ៉ាងអានាធិបតេយ្យ ប៉ុន្តែមន្ត្រីបរិស្ថាន ដែលមានស្នាក់ការនៅឃុំឆ្នុកទ្រូ ដែលដឹកនាំដោយលោក អ៊ុយ ប៊ុនធន បណ្តែតបណ្តោយមិនបង្ក្រាប ឃើញតែបើកកាណូត ដើរប្រមូលលុយពីអ្នកកាប់ព្រៃធ្វើចំការទៅវិញ ។បើយោងតាមប្រភព ពីប្រជាពលរដ្ឋអ្នក ធ្វើចំការក្នុងឃុំឆ្នុកទ្រូ ជាច្រើនាក់ បានប្រាប់អោយដឹងថា ព្រៃលិចទឹក ដែលជាព្រៃរនាម នៅតាមមាត់បឹងទន្លេសាប ជម្រកត្រីពងកូន និងជារនាំងសម្រាប់ទប់រលក នៅពេលមានខ្យល់ខ្លាំងនាដូវវស្សា ជាជម្រករបស់សត្វស្លាបគ្រប់ប្រភេទ និងជាជម្រករបស់អ្នកនេសាទ ត្រូវបានក្រុមទុច្ចរិច អ្នកមានលុយកាប់បំផ្លាញ ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ នៅក្នុងចំណុចកោះព្រែកទាល់ កោះព្រែកម៉ម កោះអ្នកតាស្នែង
និងកោះស្រឡះ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ គ្មានឃើញមន្ត្រីជំនាញ ពាក់ព័ន្ធធ្វើការបង្ក្រាប ឃើញតែលោក អ៊ុយ ប៊ុនធន ដើរប្រមូលលុយទៅវិញ ។ បើយោងតាមសំដី របស់អ្នកធ្វើចំការ នៅចំណុចព្រែកម៉ម មានទីលំនៅ ភូមិល្បើក ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ បានប្រាប់អោយដឹងថា លោក អ៊ុយ ប៊ុនធន និងកូនចៅ ជាមន្ត្រីបរិស្ថានម្នាក់ទៀតឈ្មោះ ប៊ុន សារិន ហៅ រ៉ុន បានទៅគំរាមប្រមាថចាប់គាត់ដាកខ្នោះ និងគម្រាមយកដាក់គុកពី១០ឆ្នាំ ទៅ១៥ឆ្នាំ បើគាត់គ្មានលុយអោយពួកគេ ចំនួន១០លានរៀលនោះ ប៉ុន្តែក្រោមការអង្វរក ពីពួកគាត់ ទើបចុះនៅតំលៃ១លានរៀល គ្រាន់តែពួកគាត់កាប់ល្បាស់ចំការតែប៉ុណ្ណោះ ចំណែកលោក យាយម្នាក់ មានទីលំនៅភូមិឆ្នុកទ្រូ បានប្រាប់អោយដឹងផងដែរថា លោក អ៊ុយ ប៊ុនធន ក៍មកគម្រាមយកប្រាក់ពីគាត់ ចំនួន៣៥ម៉ឺនផងដែរ មូលហេតុដោយគាត់ទៅកាប់ល្បាស់ព្រៃ
ចំការរបស់គាត់។សូមបញ្ជាក់ផងដែរថា លោក អ៊ុយ ប៊ុនធន ធ្លាប់មានរឿងរ៉ាវអំពើពុករលួយ ស៊ីដាច់កូនចៅយកលុយបទល្មើសនេសាទ ត្រូវបានកាសែតក្នុងស្រុក ចុះផ្សាយផ្អើលខេត្តកំពង់ឆ្នាំងម្តងហើយ ប៉ុន្តែឃើញនៅដដែលជាដដែល បណ្តាលអោយមជ្ឈដ្ឋានទូទៅ ជាពិសេស ប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៌ ធ្វើការរិះគន់លោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង ប្រហែលទទួលសំណូកសូកប៉ាន់ ពីមន្ត្រីម្នាក់នេះហើយ ទើបគ្មានការណែនាំ និងដាក់ទោសទណ្ឌអ្វីទាល់តែសោះ ។ ពួកគាត់មានតែសង្ឍឹមទៅលើ ឯ,ឧ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ របស់ឯកឧត្តម ឱម យិនទៀង សុំឯ,ឧធ្វើការស៊ើបអង្កេតរកការពិតផង ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀត ។
ពាក់ព័ន្ធករណីខាងលើនេះ ពេលក្រុមអ្នកសារពត៌មាន សុំការបំភ្លឺនោះ លោក អ៊ុយ ប៊ុនធន នាយករងបរិស្ថានខេត្តកំពង់ឆ្នាំង បានប្រាប់ថា លោកយកប៉ុណ្ណឹងទិញម៉ូតូឡាន មិនទាន់បានផង ពីព្រោះគាត់យកលុយទាំងអស់នេះ ទៅអោយប្រធានមន្ទីរបរិស្ថាន សម្រាប់ជួយទិញទឹកសុទ្ធ នំប៉ុង័ និងសំភារៈផ្សេងៗ នៅពេលលោកប្រធានមន្ទីរ ចុះទៅណែនាំប្រជាពលរដ្ឋ អោយយល់ដឹង ស្តីអំពីបរិស្ថាន ៕




































