ខេត្តសៀមរាប៖ សពលោកនាយរងប៉ុស្តិសង្កាត់សៀមរាបដែលបានពុល មួយគ្រួសារនោះត្រូវសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានឲ្យដឹងពីមូលហេតុហើយ គឺបណ្តាលមកពីផ្សែងភ្លើងម៉ាស៊ីន និងដួលបោកក្បាលនៅក្នុងបន្ទប់ទឹកស្លាប់និងប្រពន្ធកូនជួយសង្គ្រោះទាន់វេលានៅមន្ទីរពេទ្យ រីឯក្រុមគ្រួសារសពនោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដឹងខ្លួនវិញអស់មកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥នេះ ។
ហេតុការពុលមួយគ្រួសារនោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបង្ហាញប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥នេះក្នុងមន្ទីរពេទ្យបង្អែកខេត្តថា ការពុលនោះគឺបណ្តាលមកពីម្ចាស់ផ្ទះដាក់ម៉ាស៊ីនភ្លើងនៅក្នុងផ្ទះ ដោយពុំមានខ្យល់ចេញចូល ទើបធ្វើឲ្យអ៊ុកស៊ីសែនមិនអាចចេញទៅក្រៅបាន ។
តាមប្រភពពីសមត្ថកិច្ចដែលបានសួរស្ត្រីជាភរិយាសពបានប្រាប់ នៅព្រឹកថ្ងៃទី២៩ខែឧសភាក្នុងមន្ទីរពេទ្យថា មុនពេលកើតហេតុក្រុមគ្រួសារនោះបាននាំគ្នាជិះឡានដឹរលេងទៅហូបអីនៅឃ្យុងយូរនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៤ខែឧសភា រួចបន្តទៅហូបសាច់មាន់បំពងនៅផ្សារឡាក់គី ដល់ម៉ោង៩និង៣០នាទីទើបនាំគ្នាត្រឡប់ទៅដល់ផ្ទះម៉ោងប្រមាណជា១០យប់ក្នុងថ្ងៃដដែល។ប្រភពបានបន្តថា ក្រោយពីនាំគ្នាចូលដល់ក្នុងផ្ទះហើយ ដោយសារដាច់ភ្លើងផងនោះទើប ប្តីជនរងគ្រោះបានយកម៉ាស៊ីនភ្លើងដាក់ចូលទៅក្នុងផ្ទះមុខបន្ទប់ទឹករួចធ្វើការបញ្ឆេះតែម្តង។ប្រភពបន្ថែមទៀតថា នៅចន្លោះម៉ោងប្រមាណ១០និង៣០នាទីប្រពន្ធជនរងគ្រោះបានចេញពីបន្ទប់ដេកចូលបត់ជើងក្នុងបន្ទប់ទឹកហើយរូបគាត់មានរោគបេះដូងផង ពេលគាត់ចេញពីបន្ទប់ទឹកវិញ គាត់ឮម៉ាស៊ីនភ្លើង ធ្វើឲ្យគាត់ញ័រដើមទ្រូងហើយងីងើរដោយសារមានផ្សែងពេញផ្ទះ ទើបគាត់ចូលទៅដេកជិតកូនវិញរហូត តែគាត់មិនដឹងថា ប្តីរបស់គាត់ចេញមកពន្លត់ម៉ាស៊ីននៅពេលណាឡើយ រហូតមកដល់ថ្ងៃនេះរូបគាត់ឆ្លើយថា មិនដឹងគេយកគាត់មកដេកពេទ្យថ្ងៃណាផងផង ។ប្រភពបានបញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្នុងនោះមាន ទី១/ឈ្មោះ ជុំ ចាន់ព្រឹក្សា(ប្តី)(ស្លាប់)អាយុ ៣៨ឆ្នាំមុខរបរនាយរងប៉ុស្តិនគរបាលសង្កាត់សៀមរាបនិងប្រពន្ធមានឈ្មោះ ឈឹម ចាន់នី អាយុ៣៩ឆ្នាំមុខរបរមេផ្ទះ ដឹងខ្លួនហើយចំណែកកូនប្រុសស្រីទាំងបីនាក់មានឈ្មោះ កូនច្បងប្រុសឈ្មោះ ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស និងកូនប្រុសទី២/ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស និងកូនពៅស្រី ឈ្មោះ ជុំ លីកា អាយុ៨ឆ្នាំ សិស្ស មានទីលំនៅភូមិកើតហេតុខាងលើ បច្ចុប្បន្នកូនប្រុសស្រីទាំងបីដែលជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរត្ម័ទី៧មកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥នេះត្រូវបានដឹងខ្លួនទាំងអស់គ្នាវិញហើយតែគ្រូពេទ្យនៅមិនទាន់អនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញទេ រង់ចាំ២ទៅ៣ថ្ងៃទៀត ប្រសិនបើជម្ងឺស្រួលបូលហើយត្រឡប់ទៅផ្ទះ។
ជុំវិញករណីនេះដែរលោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩ខែឧសភានេះថា លោកកំពុងជាប់រវល់នៅក្រៅប្រទេស។
ចំណែកលោក អ៊ិត ឆបឆរ័ត្ន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់ថា ករណីពុលមួយគ្រួសារនេះ ខាងលោកបានបូមឈាមយកទៅពិនិត្យនៅភ្នំពេញ រួចហើយ ប៉ុន្តែនៅមិនទាន់ចេញលទ្ធផលនៅឡើយ ហើយករណីនេះលោកគ្រាន់តែដឹងថា ពុលតែប៉ុណ្ណោះ រីឯក្រុមសមត្ថកិច្ចក៏បានអះអាងថា ជាករណីពុល មិនមែនជារឿងគំនុំ ឬជាអត្តឃាតនោះទេ៕