កំពង់ឆ្នាំង៖ គ្រឿងញៀនម៉ាទឹកកកចំនួន១កញ្ចប់ធំនិង៦កញ្ចប់តូច ត្រូវបានសមត្ថកិច្ចនគរ
បាលក្រុងកំពង់ឆ្នាំងចាប់បាននិងឆែកឆេររកឃើញលើខ្លួនយុវជនម្នាក់និងស្រីស្នេហ៍ ជាភ្ញៀវមកដេកនៅក្នុងផ្ទះសំណាក់វិមានជ័យ ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ករណីបង្ក្រាបនេះបានធ្វើឡើងនៅម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅពេលដែលសមត្ថកិច្ចចុះធ្វើកិច្ចការរដ្ឋបាល ត្រួតពិនិត្យ លើផ្ទះសំណាក់ ផ្ទះជួល និងសណ្ឋាគារទូរទៅនៅក្នុងក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ជន
ល្មើសទាំង២នាក់ដែលបានឃាត់ខ្លួនក្នុងរឿងនេះ ១.ឈ្មោះ ង៉ែត អាយុ២៨ឆ្នាំ ជាអ្នកជួញដូរនិងចែកចាយគ្រឿញៀន រស់នៅភូមិចក ឃុំរកាក្នុង ស្រុកតាកែវ ខេត្តតាកែវ ២.ឈ្មោះ សេង តុលា អាយុ២៦ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ជាស្រីស្នេហ៍ និងជានារីខារ៉ាអូខេនៅហាង៩៨ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ធំ និង៦កញ្ចប់តូច ទូរសព្ទ័ដៃ១គ្រឿង និងម៉ូតូម៉ាកស៊ីព្រុះ១គ្រឿង។
លោក ម៉ា យន្ត អោយទៀតដឹងថាពេលចូលដល់ក្នុងផ្ទះសំណាក់ដែលមានថៅកែឈ្មោះចន្ទ័ គឹមគា បានសហការអោយសមត្ថកិច្ចត្រួតពិនិត្យ។ពេលនោះលោកបានសង្ស័ យយុវជនខាងលើ ក៏បានលូកដៃចូលក្នុងហោប៉ៅខោជំហៀងរបស់គេ ក៏យកបានថ្នាំញៀនទាំងអស់ខាងលើតែម្តង។តាមការសាកសួរនិងស្រាវជ្រាវម្ចាស់ផ្ទះសំណាក់អោយដឹងថា៖គេបានមកចូលដេកក្នុងផ្ទះសំណាក់នេះតាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥មក។
សមត្ថកិច្ចអោយដឹងថា៖យុវជននេះគឺជាអ្នកជួញដូរថ្នាំញៀន ដោយបានយកថ្នាំញៀនខាងលើ មកចែកចាយលក់ដូរអោយម៉ូយគេ រួមនិងស្រីស្នេហ៍គេជានារីខារ៉ាអូខេផងដែរ។ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអោយមន្ត្រីនៃការិយាល័យជំនាញកសាងសំណុំរឿងបន្ថែមតាមនិតិវិធី បញ្ជូនខ្លួនទៅតុលាកាខេត្តនៅរសៀលថ្ងៃនេះហើយ៕





































