ស្ទឹងត្រែង៖ល្បែងកន្ទុយលេខត្រូវបានប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងថាបានបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ បង្កអោយមានអំពើចោរកម្ម ឆក់កាបូប គោក្របីប្រជាពលរដ្ឋ ត្រូវបានចោរលួចកាប់យកសាច់ ចំនួន៣ករណី ស្មើនិង៨ក្បាល នៅក្នុងខែ
ឧសភានេះ តែសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូច មិនមានការខ្វាយខ្វល់ក្នុងការបង្ក្រាបធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែបាននិយាយថាការបើកអោយលេងល្បែងកន្ទុយលេខនៅខេត្តស្ទឹងត្រែងខាងលើនេះ គេពុំដែលឃើញសមត្ថកិច្ច ចុះធ្វើការបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយ ព្រោះដោយសារតែសមត្ថកិច្ចពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុង មានការត្រូវរ៉ូវគ្នា ទើបការងារនេះដំណើរការបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែងបានសង្កេតឃើញថា ការចុះបង្ក្រាបល្បែងខុសច្បាប់ នៅតាមបណ្តាខេត្តក្រុងនានា សមត្ថកិច្ចបានអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់អោយ ស្ទើតែទាំងស្រុង តែចម្លែកតែខេត្តស្ទឹងត្រែង ហាក់បីដូចជាធ្វើមិនដឹងមិនឮចំពោះបទល្មើសល្បែងស៊ីសង ដែលកើតឡើងនេះទាល់តែសោះឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ចទាំងអស់ក្នុងខេត្ត។
ពលរដ្ឋបន្តថាករណីបើកឲ្យលេងល្បែងស៊ីសងកន្ទុយលេខ បានយ៉ាងរលូនបែបនេះ ដោយសារតែមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធហើយ ជាក់ស្តែងឆ្នោតដែលកំពុងលក់ នៅក្នុងខេត្តស្ទឹងត្រែងគឺមានជាច្រើនកន្លែងណាស់ ទាំងតូចទាំងធំ ហើយមេក្លោងធំៗដែលលក់និងចែកចាយឲ្យកូនកញ្ច្រែងជួយលក់នោះត្រូវបានគេស្គាល់ថាមានឈ្មោះ កាន់វិមាំងសា ហៅតាមាំង(ភូមិត្រពាំងព្រីង) ជាថៅកែឆ្នោត និងមេក្លោងធំមួយទៀតឈ្មោះងី (ភូមិកណ្តាល)ជាថៅកែឆ្នោតដូចគ្នា។
កាលពីថ្ងៃ២៣ខែធ្នូ២០១៤កន្លងទៅកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះធ្វើរដ្ឋបាលនិងធ្វើកិច្ចសន្យាណែនាំបញ្ឈប់ឲ្យលេងល្បែងស៊ីសងកន្ទុយលេខបន្តទៀត។ តែសព្វថ្ងៃនេះល្បែងស៊ីសងកន្ទុយលេខបានកើនឡើងធ្វេដង និងបន្តលេងជារៀងរាល់ថ្ងៃយ៉ាងរលូន ការចុះធ្វើរដ្ឋបាលនេះ ត្រូវបានប្រជាពលរដ្ឋថា គ្រាន់តែអោយមេឆ្នោតរត់ទៅរក តែប៉ុណ្ណោះ។
ភាពធូររលុងបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ព្រោះនៅប៉ុន្មានខែចុងក្រោយនេះ បានកើតឡើងនៅអំពើចោរកម្មដូចជាការលួចកាប់គោយកសាច់ចំនួន៣ករណីជាប់ៗគ្នាអស់ចំនួន៨ក្បាល នៅភូមិកាំងមេម៉ាយ ក្នុងក្រុងស្ទឹងត្រែង ឆក់កាបូបយកលុយយក អស់រាប់ពាន់ដុល្លា ឆក់ខ្សែកនិងអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងសូមសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរថ្នាក់ក្រោម និងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងតែសប្បាយឃុបឃិតគ្នា ទទួលលាភសក្ការៈបើកឲ្យមានបទល្មើសល្បែងស៊ីសងកន្ទុយលេខ យ៉ាងគគ្រឹគគ្រេង នេះជាទង្វើមួយផ្ទុយពីបទបញ្ជរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។
ពាក់ព័ន្ធនឹងករណីខាងលើនេះកម្ពុជាថ្មីបានទូរស័ព្ទទៅលោកស្នងការរងលោក ហម ប៊ុនថែល ការិយាល័យកណ្តាលព្រហ្មទ័ណ្ឌ លោកបានប្រាប់ថាករណីល្បែងកន្ទុយលេខនិងបាត់គោប្រជាពលរដ្ឋនោះ លោកបានចុះទៅជាមួយព្រះរាអាជ្ញាស្រាវជ្រាវអោយកូនចៅបង្ក្រាបហើយ រីឯល្បែងស៊ីសងវិញ លោកបានចុះរដ្ឋបាលនិងបានធ្វើកិច្ចសន្យាបញ្ឈប់រួចរាលហើយ បើសិននៅតែប្រព្រឹត្តទៀតលោកនិងចាត់ធានការតាមផ្លូវច្បាប់៕


































