សៀមរាប៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅសាលាឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប គេឃើញមានការរៀបចំបើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំលើកទី៣៥ អណត្តិទី៣របស់ខ្លួន ក្រោមការចូលរួមពីសំណាក់មន្ត្រីមូលដ្ឋានក្រោមឱវាទ គ្រូបង្រៀន សិស្សានុសិស្ស
និងមានវត្តមានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីបានចូលរួមស្តាប់ និងផ្តល់ការប្រឹក្សាជុំវិញការងារអភិវឌ្ឍន៍ និងពិភាគ្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ ជុំវិញការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកនៅក្នុងមូលដ្ឋាននោះ ។
នៅក្នុងចំណោមរបៀបវារៈសំខាន់ៗ ដូចជាការពិនិត្យអនុម័តរបាយការណ៍រីកចម្រើនប្រចាំខែឧសភា ឆ្នាំ២០១៥របស់ឃុំ ការងារផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាដើមនោះ ការពិភាគ្សាអំពីបញ្ហាដីស្រែប្រាំង ត្រូវបានលើកយកមកពិភាគ្សាវែកញែកយ៉ាងក្តៅគគុកផងដែរ ក្រោមប្រធានបទដែលចោទសួរថា ៖ តើលោក ខាំ លឿ ប្រធានក្រុមប្រឹក្សាឃុំកណ្តែក បានលក់ដីស្រែប្រាំងប្រមាណជា ១០០០ ហិចតា និងបានកាប់ទន្ទ្រានបំផ្លាញព្រៃលិចទឹកប្រមាណជា ៥០០ហិចតាទៀត ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ថាតើ ? វាកើតមានពិតប្រាកដមែន ដែរឬទេ ? ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងដោយសមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបាគង និងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ( Facebook ) ។
លោក ខាំ លឿ មេឃុំកណ្តែក ដែលជាជនរងគ្រោះក្រោមការវាយប្រហារដោយបណ្តាញទំនាក់ទំនងសង្គម( Facebook )បាននិយាយថា លោកមិនដែលបានធ្វើអ្វីតាមការចោទប្រកាន់នោះទេ ហើយលោកក៏មិនដែលប្រព្រឹត្តិអ្វីក្បត់បេះដូងក្នុងតួរនាទីជាអ្នកបំរើរាស្ត្រនោះឡើយ ។ លោកបានបញ្ជាក់ថា ភាពបរិសុទ្ធរបស់លោក គឺវាស្ថិតនៅក្នុងសកម្មភាពការងាររបស់លោក ហើយអ្វីដែលជាការពិត ក៏វាស្ថិតដោយសម្លេងយោបល់របស់កិច្ចប្រជុំនេះផងដែរ ។
លោកមេភូមិទាំង៦ភូមិ លើ១០ភូមិ ដែលមានភូមិសាស្ត្រជាប់នឹងតំបន់ដីស្រែប្រាំងទាំងនោះ និងតំណាងសមត្ថកិច្ចប៉ុស្ថិនគរបាលឃុំ ដែលត្រូវបានគេចោទពីបទឃុបឃិត និងមិនព្រមបើកភ្នែកមើលករណីយខាងលើ បាននិយាយបកស្រាយនៅក្នុងអង្គប្រជុំនោះថា បើសិនជាមេឃុំលក់ដីស្រែប្រាំងទាំងនោះមែន តើប្រជាជនបានដីណាធ្វើស្រែប្រាំងចិញ្ចឹមជីវិតបន្តទៀត ? តើប្រជាពលរដ្ឋដែលជាម្ចាស់ស្រែប្រាំងទាំងនោះ យល់ព្រមដែរទេ?
លោក សំ មាច ជំទប់ទី២របស់ឃុំកណ្តែក ជាមន្ត្រីមកពីគណបក្ស សម រង្ស៊ី បាននិយាយថា៖ គាត់រស់នៅក្នុងជីវិតការងាររដ្ឋអំណាច ជាមួយលោកមេឃុំ ខាំ លឿ យូរឆ្នាំមកហើយ ។ លោកមេឃុំ ខាំ លឿ មិនមានកំហុស ដូចការចោទប្រកាន់នោះទេ ។ ថ្នាក់លើរបស់លោក គឺផ្សេង ចំណែកអ្វីដែលគាត់បានដឹង ជារឿងដោយឡែកពីនោះ ៕



































