បាត់ដំបង៖ តំបន់ដែលប្រជុំកាសីុណូជាច្រើនគឺស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដូចជាស្រុកសំពៅលូន និងស្រុកកំរៀងជាដើម។ល។ ពិសេសគឺនៅក្បែនឹងច្រកអន្តរជាតិដូង ដែលស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានរហូតដល់3កន្លែងទី1មានឈ្មោះ ច្រៅផ:យ៉ា ទី2ឈ្មោះ រីអូ បច្ចុប្បន្នបានប្តូរទៅជា READ BUN និងមួយកន្លែងទៀតដែលទើបនឹងបើកថ្មីមានឈ្មោះឃ្វីន ដែលកាសុីណូទាំង3កន្លែងនេះមានចំងាយពីគ្នាប្រហែល100ម៉ែត្រៗប៉ុណ្ណោះ។
គួរបញ្ជាក់ថា កន្លងមកគឺធ្លាប់មានសារាចរណែនាំមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដែលចុះហត្ថលេខាដោយបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលទទួលបាននូវបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការហាមឃាត់មិនអនុញ្ញាតិអោយជនជាតិខ្មែរចូលទៅលែងល្បែងនៅក្នុងកាសុីណូណាមួយឡើយ គឺគ្រប់កាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បើកាសុីណូណាមួយមិនព្រមអនុវត្តតាមនូវបទបញ្ជាខាងលើនេះទេ ក្រសួងមានសិទ្ធដកហូតអាជ្ញាប័ណ្ណ ដើម្បីធ្វើការផ្អាកអាជីវកម្មកាសុីណូនោះទាំងស្រុង។
បន្ទាប់ពីពេលនោះមក គេសង្គេតឃើញថានៅតាមច្រកចូលកាសុីណូនីមួយៗមានការបិទផ្សាយនូវបទបញ្ជានេះ ដើម្បីបញ្ជាក់អោយដឹងថាពួកគេកំពុងតែអនុវត្តតាមសេចក្តីណែនាំនេះយ៉ាងពិតប្រាកដ។ប៉ុន្តែប្រភពមួយចំនួនដែលធ្វើការនៅក្នុងកាសុីណូទាំងនោះបានអះអាងប្រាប់កម្ពុជាថ្មីថាការបិទផ្សាយនេះគឺជាការបោកប្រាស់ និងជាការបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ ព្រោះធាតុពិតនៅក្នុងកាសុីណូទាំងអស់គឺអតិថិជនដែលចូលទៅលែងសុទ្ធសឹងតែជាជនជាតិខ្មែរប្រមាណ70ភាគរយ។
កុំថាឡើយសំរាប់អ្នកមានលុយធំៗ សូម្បីតែអ្នកអូសរទេះក៏អាចមានសិទ្ធិកាន់លុយបាតចូលទៅអង្គុយ ចាក់យ៉ាងសប្បាយផងដែរ ដែលបញ្ហានេះមិនមានរំខានដល់អង្គភាពពាក់ព័ន្ធណាមួយឡើយ។
ដើម្បីចង់ដឹងអោយកាន់តែច្បាស់ កម្ពុជាថ្មីបានសាកល្បងឈានជើងដើរចូលទៅក្នុងកាសុីណូមួយកន្លែង ដែលនៅក្នុងស្រុកកំរៀងនេះក្បែនឹងច្រកអន្តរជាតិដូង ក្រោមក្រសែភ្នែកជាច្រើនរបស់ក្រុមសន្តិសុខដែលយាមប្រចាំការគ្រប់ច្រកល្ហក។គ្រាន់តែទ្វាររបើកភ្លាម ពួកគេហាក់ដូចជាមើលមនុស្សស្គាល់យ៉ាងច្បាស់ ព្រោះគេបាននិយាយជាភាសាខ្មែរមកកាន់យើងថា” អញ្ជើញសាកបន្តិចមើល៍បងសុទ្ធតែគ្នាយើងតើ គ្មានអ្នកណាចាប់ទេ ” ពាក្យមួយប្រយោគនេះវាពិតជាសមមែន ព្រោះអ្នកលែងភាគច្រើនសុទ្ធតែជាខ្មែរ ដូច្នេះតើរាល់សកម្មភាពទាំងនេះមន្ទីរឬក្រសួងពាក់ព័ន្ធដែលបានចុះទៅត្រួតពិនិត្យដែរឬទេ? ឬមួយក៏ការបិទផ្សាយនូវសេចក្តីណែនាំនៅមុខក្លោងទ្វារ វាជាការគោរពច្បាប់រួចទៅហើយ?បច្ចុប្បន្នតាមការផ្តល់ព័ត៌មានពីប្រភពនានានៅតាមខ្សែបន្ទាត់ព្រំដែនបានបញ្ជាក់យ៉ាងច្បាស់ថាកាសុីណូ “ឃ្វីន” ដែលទើបនឹងបើកថ្មីនេះគឺថៅកែរបស់គេជាជនជាតិខ្មែរសុទ្ធសាធ ដូច្នេះហើយបានជាមានខ្មែរចូលលែងព្រោងព្រាតដោយគ្មានខ្លាចរអារដល់សំណាញ់ច្បាប់ឡើយ ឬមួយក៏គេមានខ្សែ វល្លិ៍
ធំៗ ហើយស្វិតមិនងាយដាច់? បើពិតជាយ៉ាងនេះមែន សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ខ និងហិរញ្ញវត្ថុ ប្រាកដជាគ្មានឥទ្ធិពលឡើយសម្រាប់បណ្តាកាសុីណូទាំងនេះ៕
ពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថភាព តើស្ថិតនៅត្រង់ណា បើគេបើកដៃ
យ៉ាងចំហរអោយប្រជាពលរដ្ឋខ្មែរលែងដោយសេរីបែបនេះ ដូច្នេះអំពើចោរកម្មប្រាកដជាកើតមានឡើងដោយស្វ័យប្រវត្ត ប្រសិនបើអង្គភាពពាក់ព័ន្ធមិនយកចិត្តទុកដាក់ត្រួតពិនិត្យក្នុងរឿងនេះទេនោះ៕