ខេត្តសៀមរាប៖ វត្តវៀតណាមដែលសាងសង់ឡើងដោយគ្មានច្បាប់ទម្លាប់ត្រូវបានអាជ្ញាធរនិងមន្ទីធម្មការនិងសាសនាខេត្តបានចុះផ្អាកសាងសង់បណ្តោះអាសន្ន បន្ទាប់ពីមានការរិះគន់ពីសំណាក់ពលរដ្ឋនិងបណ្តាញសង្គមហ្វេសបុក
ហេតុការចុះផ្អាកការសាងសង់នេះធ្វើឡើងកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៥កន្លងទៅដែលមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបស្ថិតនៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ។
ទាក់ទិនករណីនេះដែរប្រធានមន្ទីរធម្មការ និងសាសនា ខេត្ដសៀមរាប លោក វណ្ណ ប៊ុណ្ណា បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា លោកបានឲ្យក្រុមការងារមន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅផ្អាកទីតាំងសាងសង់រូបសំណាកសាសនានៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបនោះហើយ។លោកបន្តថា ក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់ដោយមានលាយល័ក្ខអក្សរពីម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធដែលមានឈ្មោះលី បៀន (ប្តី)និងប្រពន្ធឈ្មោះ ជុំ ញ៉ាវ ជាជនជាតិវៀតណាម។លោកបន្តទៀតថា អ្នកលួចសាងសង់វត្តខុសច្បាប់នេះជាសង្ឃវៀតណាមមានឈ្មោះ តាំង មិន ហើយសង្ឃអង្គនេះមកត្រួតពិនិត្យវត្តនេះក្នុងមួយខែម្តង ដោយមានជាងសំណង់ចំនួន៦នាក់។លោកបញ្ជាក់ថា ការសាងសង់វត្តនេះគឺជារឿងខុសច្បាប់ ព្រោះពួកគេមិនបានសុំច្បាប់ទៅអាជ្ញាធរ ហើយករណីនេះលោកនឹងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលខេត្តដើម្បីធ្វើការត្រួតពិនិត្យនិងមានចំណាត់ការបន្ត។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ការតាំងរូបសំណាកបដិមាតាមបែបសាសនាវៀតណាមនោះ ទើបតែកើតឡើងនៅឆ្នាំ២០១៥នេះ នៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ បន្ទាប់ពីមានវត្ដមានជនជាតិវៀតណាមមួយក្រុម បានមកតាំងទីលំនៅនៅទីនោះកាលឆ្នាំ២០១២កន្លងមក ។ ប្រភពបន្ដថា ការសាងសង់ និងតាំងរូបសំណាកសាសនាវៀតណាមនោះ មិនមានច្បាប់អនុញ្ញតឡើយ ។ ប្រភពបន្ថែមថា កាលពីពេលថ្មីៗនេះ ជនជាតិវៀតពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មកស្នាក់នៅដោយមិនមានច្បាប់អនុញ្ញាតិពីអាជ្ញាធរទេ ។ប្រភពបញ្ជាក់ថា នៅថ្ងៃទី០១ខែមិថុនានេះ នឹងមានក្រុមការងារចុះទៅពិនិត្យនៅតំបន់នោះ ដើម្បីរកព័ត៌មានជាក់លាក់ពីការតាំងរូបសំណាកសាសនានោះ។
ជាការពិតណាស់ សិទ្ធក្នុងការមានជំនឿលើសាសនាណាមួយជាសិទ្ធផ្ទាល់ខ្លួនរបស់បុគ្គលនោះ ប៉ុន្តែនៅប្រទេសកម្ពុជាភាគច្រើនគេនិយមកាន់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ហើយមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានក្រុមសាសនារបស់ប្រទេសវៀតណាមបានមកលួចសាងសង់នៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា ដោយគ្មានច្បាប់ទម្លាប់ ហើយក៏ត្រូវបានអាជ្ញាធរចុះផ្អាកអស់មួយចំនួនទៅហើយ ប៉ុន្តែគេមិនទាន់ដឹងថា មានវត្តខុសច្បាប់ប៉ុន្មានទៀតសាងសង់ក្នុងប្រទេសកម្ពុជា ដែលគេមិនដឹង៕



































