ខេត្តស្ទឹងត្រែងៈជំនាញរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានចុះបង្ក្រាប រថយន្តស៊េរីទំនើបចំនួន២គ្រឿងដែលតែងតែលបលួចដឹកឈើប្រណីត ចេញពីភូមិស្រែគរ និងភូមិស្រែសាមី ស្ថិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ខណៈដែលរថយន្តពួកគេ បានដាក់ឈើពេញរថយន្ត ធ្វើ
ចរាចរណ៍ឆ្ពោះទៅខេត្តរតនៈគិរី រួចបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ។
រថយន្តដឹកឈើទាំង២គ្រឿង មួយគ្រឿងត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ កាលពីល្ងាចថ្ងៃទី៣០នៅចំនុចភូមិស្រែគរ និងមួយគ្រឿងទៀត ស្ទាក់ចាប់នៅរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៥ នៅចំណុចភូមិស្រែសាមីឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក សុខ ស៊ីដា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១ខែមិថុនានេះថា រថយន្ត២គ្រឿងដែលជំនាញរឹបអូសបាននោះ១ម៉ាកឡិចស៊ិសRX300ពណិ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-2313ស្ទាក់ចាប់បាននៅភូមិស្រែគរ និងមួយទៀតម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ2C-3378 ពណិ៍សំបកឪឡឹក ដែលស្ទាក់ចាប់បាននៅភូមិស្រែសាមី។
លោកបន្តថារថយន្តទាំង២នេះបានដាក់ឈើប្រណីតប្រភេទធ្នង់និងបេងជាបន្ទះៗរថយន្តលុចស៊ីសមានចំនួន៤២សន្លឹកស្មើនិង០,៤១៤ម៉ែត្រគូប រថយន្តឡង់គ្រីស័រមានចំនួន០,៥៨៥ម៉ែត្រគូប សរុបទាំង២រថយន្តមានចំនួន០,៩៩៩ម៉ែត្រគូប។ចំណែកម្ចាស់រថយន្តទាំង២គ្រឿង ពេលសមត្ថកិច្ចចុះបង្ក្រាបត្រូវ បានរត់គេចខ្លួនបាត់។
ប្រភពខាងលើបានបន្តអោយដឹងទៀតថានៅចំនុចភូមិសាស្ត្រខាងលើ ជាភូមិសាស្ត្រាដែលសំបូរទៅដោយបទល្មើសក្នុងការដឹកជញ្ជូនឈើខុសច្បាប់និងភាគច្រើនជាសមត្ថកិច្ច។ហើយរថយន្តឡង់គ្រីស័រដែលជំនាញបង្ក្រាប ត្រូវបានប្រភពពីឈ្មួញរកស៊ីឈើថាឈ្មោះ ភ័ក្រ(ប៉េអឹមផ្ទៃប្រទេស)ដែលតែងតែលបលួចដឹកឈើប្រណីតឆ្លងដែន ចេញពីតំបន់ខាងលើនេះជាញឹកញាប់ យកទៅខេត្តរតនៈគិរី រួចបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ពុំដែលមានសមត្ថកិច្ចផ្នែក ណាមួយហ៊ានចាប់នោះទេ តែក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏ត្រូវបានជំនាញធ្វើការចុះបង្ក្រាបតែម្តង។
ក្រោយការបង្ក្រាបរថយន្តដឹកឈើទាំង២គ្រឿងរួមនិងវត្ថុតាងមានឈើប្រណីតប្រភេទធ្នង់បេងចំនួន០,៩៩៩ម៉ែត្រគូប ត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីអោយម្ចាស់ចូលខ្លួន មកបង់ផាកពិន័យទៅតាមច្បាប់ស្តីពីព្រៃឈើ៕




































