កំពង់ឆ្នាំង៖ ជនសង្ស័យជាប់ចោទពីបទចាប់រំលោភម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនខ្លួន ទៅកាន់តុលាការនៅរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥នេះ ក្នុងបទចោទប្រកាន់ពីបទចាប់
រំលោភក្មេងស្រីអាយុ១២ឆ្នាំ ដែលបានប្រព្រឹត្តឡើងកាលពីម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ ខណៈកុមារីរងគ្រោះទៅឃ្វាលគោ ។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្ត បានអោយដឹងថាៈ ជនសង្ស័យ រូបនោះមានឈ្មោះ គូ ដាំ ហៅទិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកកុមារីរងគ្រោះមាន អាយុ១២ ឆ្នាំមានទីលំនៅភូមិ អណ្តូងឬស្សី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។
នៅថ្ងៃកើតហេតុ កុមារីរងគ្រោះ បានទៅឃ្វាលគោ ជាមួយក្មេងៗដទៃទៀតជាច្រើននាក់ នៅចំ ណុចភូមិហ្លួង ស្ថិតក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ ។ប៉ុន្តែនៅរសៀលនោះកុមារីរងគ្រោះបានដើររកគោតែម្នាក់ឯង ដល់ចំណុចខាងលើក៏បានជួបជនសង្ស័យ ដែលកំពុងបេះផ្លែព្រីង ពេលនោះជនសង្ស័យដែលមានកាំបិតចុងស្រួចមកបានចាប់ក្មេងស្រីរងគ្រោះ ចូលកំពោតព្រៃរួចចាប់រំលោភតែម្តង។ ក្រោយកើតហេតុ នៅពេលត្រឡប់មកផ្ទះវិញកុមារីរងគ្រោះបានប្រាប់ឪពុកម្តាយ ហើយបានប្តឹងសមត្ថកិច្ចមូលដ្ឋាន ទើបសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនទាំងយប់ ពេលជនសង្ស័យខាងលើកំពុងរាំវង់ធុងបាស់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា៖ រូបគេពិតជាបានចាប់ក្មេងស្រី
រងគ្រោះរំលោភពិតមែន ខណៈរូបគេកំពុងបេះឡើងផ្លែព្រីង បានឃើញក្មេងស្រីរងគ្រោះដើរម្នាក់ឯងមកជិតខ្លួនពេលកំពុងបេះផ្លែព្រីង។
លោក ឌុច ចំរើន បានបញ្ជាក់ថាៈ ក្នុងចម្លើយសារភាពជនសង្ស័យខាងនេះ គឺពិបាកនិងបកស្រាយ ណាស់ ព្រោះជាអំពើមិនគប្បីនិយនិយាយ តែទោះយ៉ាងណាក្នុងផ្លូវច្បាប់ ធ្វើអ្វីក៏ដោយ អោយតែប្រហាក់ប្រហែលគ្នា គឺចាត់ទុកជាអំពើចាប់រំលោភទាំងអស់ ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់តុលាការខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕



































