សៀមរាប ៖ បច្ចុប្បន្នគេសង្កេតឃើញ អាត្រាគ្រោះថ្នាក់ចរាចរណ៍ មានសន្ទុះកើនឡើង នៅតាមបណ្តាខេត្ត ក្រុង និងជាបញ្ហាប្រឈមចំពោះជិវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងនោះដែរករណីគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ទៅជាគោលដៅសំខាន់ទៅលើអ្នកបើកបរម៉ូតូ ដែលបានទទួល រងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។
ជាក់ស្តែង នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិទួលល្វៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានរថយន្តមួយគ្រឿង ម៉ាកហាយព្រីត ពណ៌ សរ បានបើក ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ជាមួយនិងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១.B ៣៨០២ ជិះគ្នា៣នាក់ ត្រូវបានស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសារតែរថយន្តបែកកង់ ហើយរ៉េចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងឡើងលើ ។
សមត្ថកិច្ចនគរបាល នៃអធិការស្រុកពួក បានចុះទៅកន្លែងកើតហេតុភ្លាម ហើយបានឃាត់ខ្លួន អ្នកបើកបរ ដែលបានបើកបររថយន្ត បង្ករឲ្យមានករណីគ្រោះថ្នាក់ ស្លាប់មនុស្សដែលកំពុងតែរួមដំណើរលើផ្លូវ សាធារណៈ ដែលមានឈ្មោះតាំង ចាន់លុន ភេទប្រុស អាយុ២៧ឆ្នាំ ពណ៌.ស(គ្មានស្លាកលេខ)រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមការឲ្យដឹងពី លោកវរសេនីយ៍ត្រី ទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី បែកកង់ហើយរ៉េចង្កូតបណ្តាលឲ្យបុក ជាមួយនឹងម៉ូតូ ដែលបើកបរញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់រីឯជនរងគ្រោះដែលស្លាប់ ទី១ឈ្មោះ ឈង់ សល់ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបររត់ម៉ូតួឌុប រស់នៅភូមិទ្រាយ ឃុំពោទ្រាយ ស្រុកពួកជាម្ចាស់ម៉ូតូ ទី២ ឈ្មោះ គង់ ធារី ភេទស្រី អាយុ២៥ឆ្នាំ និងទី៣/ឈ្មោះ ភាព សុកូឡា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូនរបស់ស្ត្រីខាងលើ។
ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច ក៏បានប្រគល់សពជូនសាច់ញ្ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត បានស្ទាចយកមកទុកនៅអធិការដើម្បីដោះស្រាយតាមច្បាប់ ។
ដោយ ប៊ុន រដ្ឋា




































