បាត់ដំបង: យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមៗ ក្នុងចំណោមជនរងគ្រោះចំនួនពីរនាក់ ខណ:ដែលពួកគេបានបើកបរម៉ូតូយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយជ្រុលចង្កូតទៅបុកនឹងបង្គោលចំណាំងផ្លាតចរាចរ ត្រង់ចំនុចផ្លូវកោងមួយកន្លែង ស្ថិតក្នុងភូមិបួរុនឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី 1-6-15 វេលាម៉ោង 4,20 នាទីល្ងាច។យោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅទីនោះបាននិយាយថា ដំបូងគេឃើញមានម៉ូតូមួយគ្រឿងម៉ាកសង់ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1R 2365 ដោយមានជិះគ្នាពីរនាក់បានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។លុះទៅដល់ត្រង់ចំនុចកើតហេតុ បើទោះបីជាទីនោះជាចំនុចផ្លូវកោងក៏ដោយ ក៏គេហាក់ដូចជាមិនព្រមបន្ថយល្បឿនដែរ ទើបធ្វើអោយអ្នកកាន់ចង្កូតមិនអាចយកចង្កូតមកវិញបាន ក៏ជ្រុលទៅបុកនឹងបង្គោលចំណាំងផ្លាតរបស់ចរាចរបណ្តាលអោយបាក់អស់បង្គោលមួយដើម នៅពេលនោះដែរអ្នកដែលរួមដំណើរនៅខាងក្រោយបានហោះផ្លោងទៅបោកនឹងធរណី ទំនងជាបាក់ក ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង ចំណែកអ្នកបើកបរក៏រងរបួសផងដែរ ដែល
ចាំបាច់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អ្នកដែលស្លាប់នោះមានឈ្មោះ គីម រ៉ង ភេទប្រុសអាយុ32ឆ្នាំ ចំណែកអ្នកបើកបរដែលរងរបួសមានឈ្មោះ អុឹម ភាព ភេទប្រុស អាយុ37ឆ្នាំ អ្នកទាំងពីររស់នៅក្បែចំនុចកើតហេតុខាងលើ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




































