កំពង់ឆ្នាំង៖ ស្ត្រីមានកូនតូចអាយុ១ខែម្នាក់បានរងរបួសធ្ងន់ដោយត្រូវប្តីវាយដំច្របាច់ករហូតដល់សន្លប់ធំ ហើយត្រូវបានប្រជាពលរដ្ឋក្នុងភូមិរាយការណ៍អោយសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍។ ប៉ុន្តែពេលសមត្ថកិច្ចព័ទ្ធផ្ទះហៅបុរសជាប្តីអោយចុះមកពីលើផ្ទះជាច្រើនម៉ោង ទើបគេចុះមកដោយដៃកាន់កាំ
បិតផ្គាក់១ផង ធ្វើអោយសមត្ថកិច្ចរត់ចែកជើងគ្នារហូតជាង៤ម៉ោង ទើបសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនគេបាន។ករណីនេះបានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖បុរសជាប្តីដ៏កំណាច រូបនោះមាន ឈ្មោះ ឃ្លោក ចិត្ត អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកស្ត្រីជាប្រពន្ឋមានឈ្មោះជុំ ធី អាយុ២៧ឆ្នាំមានស្រុកកំណើតនៅខេត្តស្វាយរៀង បានមករស់នៅស្រុកខាងប្តី នាងទើបតែសម្រាលកូនស្រីអាយុ១ខែ ៧ថ្ងៃប៉ុណ្ណោះ។
លោកអធិការអោយដឹងទៀតថាមុនពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៏ថា៖ មានអំពើហឹង្សាក្នុងគ្រួសារមួយ គឺស្ត្រីកូនខ្ចីត្រូវបានបុរសជាប្តីវាយដំនិងច្របាច់ក បណ្តាលអោយសន្លប់ ពេលនោះសមត្ថកិច្ចប៉ុស្តិរដ្ឋបាលមូលដ្ឋាន និងស្រុកចុះទៅដល់កន្លែងកើតហេតុ បានឃើញប្រពន្ធសន្លប់នៅលើគ្រែ ក៏បានអោយម្តាយក្មេកស្ត្រីរងគ្រោះ នាំស្ត្រីរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច តែដោយរបួសធ្ងន់ធ្ងរទើបគ្រូពេទ្យបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកបុរសជាប្តី បានសម្ងំពពួននៅលើផ្ទះមិនព្រមចុះមកដីតាមការហៅរបស់សមត្ថកិច្ចឡើយ ។
ស្រាប់តែពេលបុរសរូបនោះចុះមកដី បានកាន់កាំបិតផ្គាក់មួយយ៉ាងធំមកជាមួយផង ធ្វើអោយសម ត្ថកិច្ចនគរបាលផ្អើលដកខ្លួនថយមួយរយៈ ក្រោយមកលោកក៏បានដើរចូលទៅនិយាយលួងលួមទល់មុខជាមួយគេ យ៉ាងយូរហូតដល់បុរសនោះភ្លេចខ្លួន ទើបកម្លាំងសមត្ថកិច្ចស្ទុះសម្រុកចូលទៅចាប់ខ្លួនបាន និងដកហូតកាំបិតផ្គាក់ទុក។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងហើយបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តបំពេញសំណុំរឿងបន្ថែមតាមនិតិវិធី ដោយសមត្ថកិច្ចបានចោទប្រកាន់២ករណី គឺ៖ ១.បង្កអំពើហឹង្សាក្នុងគ្រួសារ និង ២.រារាំងសមត្ថកិច្ចពេលចុះបំពេញភារកិច្ច ហើយបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់។
ស្ត្រីជាម្តាយក្មេកស្ត្រីរងគ្រោះបាននិយាយអោយដឹងនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥នៅក្នុងមន្ទីរពេទ្យខេត្តថា៖ កូនប្រសារ និងកូនប្រុសគាត់បានទាស់គ្នារឿងកូនប្រសារសុំប្តីទៅលេងស្រុកកំណើតតែប្តីមិនអោយទៅ នៅថ្ងៃកើតហេតុគាត់មិនបាននៅផ្ទះទេ តែមានគេរត់ទៅប្រាប់ថា កូនប្រសារគាត់ត្រូវប្តីវាវាយសន្លប់នៅក្នុងផ្ទះ នៅពេលគាត់មកដល់ក៏ឃើញកូនប្រសារសន្លប់នៅលើគ្រែ ហើយក៏ប្រញាប់នាំមកមន្ទីរពេទ្យស្រុក អស់រយៈពេលជាច្រើនម៉ោងទើបនាងដឹងខ្លួនវិញ តាមគាត់ដឹងការវាយតប់នេះបណ្តាលនាងទាស់រឹងថ្គាម បើសិនជាជួយសង្គ្រោះមិនទាន់ពេលនាងនិងមានគ្រោះថ្នាក់ដល់ជីវិត៕
កំពង់ឆ្នាំង,ថ្ងៃទី០២.០៦.២០១៥ ( ឈៀង ថារិទ្ធ )




































