យុវជន​ម្នាក់​ចេញ​ពី​ផឹកស៊ី​ស្រវឹង​ត្រូវ​មិត្ត​ភ័ក្តិ​ដឹក​យក​មក​ទុក​ចោល​ដេក​នៅ​ចិញ្ចើមផ្លូវ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ស្រវឹង​ក្អួត​និង​ដេក​នៅ​ចិញ្ចើមផ្លូវ​ដោយសារ​តែ​មិត្ត​ភ័ក្តិ​របស់​គេ​ជិះ​ម៉ូតូ​ដឹក​យក​មក​ទំលាក់ចោល​បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើដំណើរ​ចោមរោម​មើល​ស្មាន​តែ​មាន​ករណី​អ្វី​កើតឡើង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​

និង​៣០​នាទី​យប់​ស្ថិត​នៅ​ចំណុច​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​។​
​បើ​តាម​ការ​អោយ​ដឹង​ពី​បុរស​ម្នាក់​ដែលជា​អ្នករត់​ម៉ូតូឌុប​នៅ​កន្លែងកើតហេតុ​ខាងលើ​នេះ​បានឱ្យដឹងថា គាត់​បាន​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​២១៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ដោយបាន​ជិះ​រេ​ពេញ​ផ្លូវ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​យុវជន​២​នាក់​នោះ​ឈប់​ម៉ូតូ​ហើយ​អ្នក​បើក​ម៉ូតូ​ក៏​បាន​អូស​អ្នក​អង្គុយ​ពីក្រោយ​ទំលាក់​ចុះ​នៅ​ចិញ្ចើមផ្លូវ​ប្រហែល​មួយសន្ទុះ ក៏​មាន​ប្រជាពលរដ្ឋ​បាន​ឈប់​មើល​និង​ធ្វើការ​សាកសួរ​ទៅ​យុវជន​ទាំង​២​នាក់​នោះ​ថា​មាន​រឿង​អ្វី​កើត​ឡើយ​ហើយ យុវជន​ម្នាក់​ដែល​អាច​និយាយ​កើត​នោះ​ក៏​បាន​ប្រាប់​មក​វិញ​ថា គេ​មិន​កើត​អ្វី​ទេ គ្រាន់តែ​ស្រវឹងស្រា​ខ្លាំងពេក ខណៈ​នោះ​យុវជន​ម្នាក់​ដែល​អាច​និយាយ​កើត​នោះ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្ដង ដោយ​បន្សល់​មិត្ត​ភ័ក្តិ​គេ​ម្នាក់​ដេក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​និង​ក្អួត​ដេក​ធ្វើ​មិនដឹង ធ្វើអោយ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​និង​ឈឺ​ក្បាល​ដោយសារ​តែ​យុវជន​នេះ​ផង​ដែរ​។​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​អោយ​មក​ដឹក​យុវជន​ស្រវឹង​នេះ​យក​ទៅ​មន្ទីរពេទ្យ​និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​អោយមក​ទទួលយក​វិញ​ផងដែរ​៕​

1 2