ភ្នំពេញ ៖ រថយន្តBMW328Iមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្តាលឱ្យម៉ូតូបើងខ្ទាតទៅមុខសាលា២៣តុលាបង្រៀនបើកបរ របួសធ្ងន់០២នាក់ ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីរំលងអធ្រាត ថ្ងៃ ទី ១១មេសា
២០១៤នៅចំណុចផ្លូវព្រះមុនីរ៉េតកែងនិងផ្លូវ ព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត BMW328I ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-0634 ជិះគ្នា០៣នាក់ (ប្រុស០២-ស្រី០១) បើកតាមផ្លូវព្រះសីហនុ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ហើយរថយន្តបានបត់ឆ្លងទៅផ្លូវព្រះមុនីរ៉េត ស្របពេលនោះក៏មានម៉ូតូ HONGDA WIN100 ពណ៌ខ្មៅ អត់មានស្លាកលេខ ជិះដោយមន្ត្រីប៉ូលិស ពីរនាក់ ពីមុខរថយន្តហើយបានបត់ឆ្លងផ្លូវ ត្រូវបានរថយន្តBMW មកពីក្រោយយកចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូបើងខ្ទាត ទៅចិញ្ចើមផ្លូវមុខសាលាបង្រៀនបើកបរ២៣តុលា បណ្តាលឱ្យអ្នកជិះម៉ូតូ០២នាក់របួសធ្ងន់ ។បន្ទាប់ពីរថយន្តបុកម៉ូតូហើយ រថយន្តនោះមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្តាលឲ្យបាក់ដាច់ជាពីរ រាបដល់ដី ហើយម្ចាស់រថយន្តបង្កនេះក៏បាន នាំគ្នាបើកទ្វាររថយន្តចុះ ចេញទៅឡើងរថយន្ត មួយគ្រឿង ទៀត ជម្លៀសខ្លួនទៅបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ខាងលើត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗហើយ ចំណែកម៉ូតូនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចចុះវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕