កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានគិតគូរពីសុវត្តិភាពរបស់កងកម្លាំងចំណុះឲ្យតំបន់សឹក ស្តីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុង តែក្លាយជាបញ្ហាដ៏ធំ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទើបចាត់ឲ្យមានពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីដល់កងយោធពលខេមរៈភូមិន្ទ ដើម្បីឲ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ។
ពីធីផ្សព្វផ្សាយច្បាប់ចរចរណ៍ថ្មី ត្រូវបានធ្វើឡើងនៅ ក្នុងសាលប្រជុំ តំបន់ប្រតិបត្តិកាសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៥ ដោយមានការអញ្ចើញលោក វរៈសេនីយ៍ត្រី ព្រុំ ចាន់ថុល នាយរងការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងក្រុមការងារ ចុះមកផ្សព្វផ្សាយណែនាំច្បាប់ចរាចរណ៍ថ្មី ដែលត្រូវបាន អនុម័ត្តឲ្យអនុវត្ត និងមានប្រយោជន៍ និងសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការយល់ដឹងពីច្បាប់ចរាចរណ៍ និងជា ផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប្រសាសន៍ថា ដោយមានការព្រួយបារម្ភណ៍ ពីសុវត្តិភាពរបស់កងកម្លាំង ក្នុងការបើកបរ យានយន្ត ក៏ដូចជាការអប់រំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញ្ញាតិ បងប្អូន ដើម្បីបញ្ជ្រៀសការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាពិសេសទៅទៀតនោះ គឺក្នុងគោលបំណងឲ្យកងយោពលខេមរៈភូមិន្ទ ចំណុះឲ្យ តំបន់សឹករងកំពង់ធំ មានការយល់ដឹងពីច្បាប់ចរាចរណ៍ថ្មី សម្រាប់ការពារអាយុជីវិតឲ្យបានគង់វង្ស ដោយសារតែ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងគ្រប់ពេលវេលា ខណៈពេលយើងទាំងអស់គ្នាមិនគោរពច្បាប់ និងមានការ ធ្វេសប្រហែស វានឹងកើតឡើងគ្រប់បុគ្គល មិនថាប្រជាពលរដ្ឋ ទាហាន ប៉ូលិស ប៉េអ៊ឹម ។
ក្នុងនោះដែរឯកឧត្តម សោម ស៊ុន បានអគុណចំពោះលោក វរៈសេនីយ៍ត្រី ព្រុំ ចាន់ថុល ដែលបានចំណាយពេលវេលា ចែករំលែកនូវបទពិសោធន៍ ដ៏មានតំលៃនេះ ជូនដល់កងកម្លាំងទាំងអស់ ឲ្យបានយល់និងស៊ីជម្រៅរបស់ច្បាប់ចរាចរណ៍ថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តន៍ ជាផ្លូវការ ហើយក៏សូមអំពាវនាវឲ្យ កងកម្លាំងទាំងអស់ ពាំនាយកនូវន័យ ខ្លឹមសារដ៏មានប្រយោជន៍នេះ ទៅណែនាំដល់ក្រុមគ្រួសារ ដើម្បីរួមគ្នាគោរពច្បាប់ទាំងអស់គ្នា កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានសភាពកាចសាហាវណាស់ នៅជុំវិញប្រទេសកម្ពុជា កើតឡើងជារៀងរាល់ថ្ងៃ ។

ដោយ ប៊ុន រដ្ឋា



































