លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យនិយាយថាសាលារៀនជាថ្នាលបណ្តុះវិជ្ជាជំនាញជាច្រើនមុខដល់កុមារជាទំពាំងស្នងឬស្សីសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញឱ្យក្មួយៗ ជាសិស្សានុសិស្ស អានសៀវភៅឱ្យបានច្រើន ព្រោះថា ការអានសៀវភៅច្រើនគឺធ្វើឱ្យយើងចេះនិងយល់ដឹងពីវប្បធម៌ទាំងនៅក្នុង និងក្រៅប្រទេស ។
លោកអភិបាលខេត្តបានលើកឡើងបែបនេះ ខណៈពេលលោកបានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៦៦ ទិវាកុមារអន្តរជាតិ ១មិថុនា ២០១៥ នៅទីធ្លាសាលាបឋមសិក្សាក្នុងសង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ដែលមានលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរូមចំនួនជាង៥០០នាក់ ។
លោក ស ថាវី បានមានប្រសាសន៍ថា សាលារៀន ជាថ្នាលបណ្តុះវិជ្ជាជំនាញជាច្រើនមុខដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីសម្រាប់បន្តវេណការអភិវឌ្ឍប្រទេសជាតិ ។ហើយលោកគ្រូ-អ្នកគ្រូ និងមន្ទីរអប់រំយុវជននិងកីឡានៅក្នុងខេត្តនេះត្រូវធ្វើយ៉ាងណា បង្កើតនិងផ្តល់គំនិតថ្មីៗឱ្យក្មួយៗជាសិស្សនុសិស្សក្នុងតំបន់ខេត្តនេះដែរ ងាកមកអានសៀវភៅឱ្យបានច្រើនជៀសវាងទុកពេលវេលាទំនេរឥតប្រយោជន៍។
លោកបន្តថា ការអានសៀវភៅច្រើន គឺធ្វើឱ្យយើងចេះច្រើន និងយល់ដឹងកាន់តែច្បាស់ ពីអ្វីដែលកំពុងមានការអភិវឌ្ឍន៍កើតមានក្នុងសង្គមបច្ចុប្បន្ន ៕


































