ខេត្តសៀមរាប៖អាជ្ញាធរជាច្រើននាក់ឈរជើងនៅតំបន់ចុងឃ្លៀសជាពិសេសជំនាញរដ្ឋបាលជលផលនិងបរិស្ថាន ហាក់ពុំមានការអើពើនឹងទប់ស្កាត់ករណីក្រុមឈ្មួញលួចដុតព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅតំបន់នោះសោះឡើយ សង្ស័យដុតបំផ្លាញដើម្បីយកមកធ្វើជាកម្មសិទ្ធិ។ ប្រភពពីក្រុមពលរដ្ឋបានរាយការណ៍មកថា នាដើមខែមិថុនានេះមានក្រុមឈ្មួញបានលួចដុតព្រៃលិចទឹកនៅចំនុចតំបន់អភិរក្សពារាំង ក្នុងភូមិសាស្ត្រ សង្កាត់ចុងឃ្នៀស ,សង្កាត់ជ្រាវ, សង្កាត់សៀមរាប ក្រុងសៀមរាប។ប្រភពបានបន្តថា ការដុតបំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូននេះ គឺពួកក្រុមឈ្មួញកាប់បំផ្លាញដើម្បីដាំផ្លែឱឡឹក,ដាំស្រូវប្រាំងនិងឈានយូរៗទៅពួកគេកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង។ប្រភពបន្តទៀតថា ការដុតបំផ្លាញព្រៃលិចទឹកនេះត្រូវបានគេសង្កេតឃើញមានមន្តីជលផលនិងបរិស្ថានទៅត្រួតពិនិត្យដែរតែមិនហេតុអី បានគេជាក្រុមឈ្មួញនៅតែអាចបន្តការដុតបំផ្លាញបានដដែល។ប្រភពបានបន្ថែមថា ករណីខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញមួយចំនួនជាអ្នក
បើកដៃឲ្យក្រុមឈ្មួញប្រព្រឹត្តល្មើសច្បាប់ជាថ្នូរនឹងការសូកប៉ាន់លុយកាក់យ៉ាងសន្ធឹកសន្ធាប់ ហើយករណីនេះគេមិនទាន់ដឹងថា ថ្នាក់លើបានទទួលដំណឹងនេះហើយឬនៅ។ប្រភពបានបន្ថែមទៀតថា ភ្លើងឆេះព្រៃលិចទឹកជិត១០ហិចតានៅតំបន់អភិរក្សបឹងពារាំង ដែលនៅជិតច្រមុះស្នាក់ការជលផលនិងបរិស្ថាននៅតំបន់នោះ ក៏ក្រុមសមត្ថកិច្ចទាំងនោះ ហាក់មិនខ្វាយខ្វល់ ព្រមទាំងគ្មានការទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេឡើយ។
ជុំវិញករណីខាងលើនេះលោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥នេះថា ករណីនេះលោកបានចុះទៅត្រួតពិនិត្យកាលពីម្សិលមិញដែរ ព្រមទាំងឲ្យ សង្កាត់ចុងឃ្នៀស ,សង្កាត់ជ្រាវ, សង្កាត់សៀមរាប ចុះទៅអង្កេតផ្ទាល់និងធ្វើរបាយការណ៍មកសាលាក្រុងដើម្បីលោកពិនិត្យនិងមានវិធានការបន្ត។លោកបន្តថា ករណីនេះត្រូវបានកូនចៅរបស់លោកប្រាប់ថា មានក្រុមប្រជាពលរដ្ឋបានលួចដុតព្រៃយកឃ្មុំ ហើយចំពោះភ្លើងឆេះព្រៃនៅជិតតំបន់អភិរក្សបឹងពារាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែក្រុមអ្នកដុតទាំងនោះបានរត់គេចខ្លួនបាត់អស់ទៅហើយ។លោកបន្ថែមថា ចំពោះករណីនេះលោកនិងជម្រុញឲ្យមន្ត្រីក្រោមឱវាទដុតដៃដុតជើងទប់ស្កាត់និងស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ទាក់ទិននឹងករណីនេះដែរ លោក ស្រី កែវសុភក្ក្រ័ បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ខែមិថុនានេះថា លោកបានចុះទៅមើលហើយ តែមិនមែនជាករណីក្រុមឈ្មួញលួចដុតព្រៃនោះទេ គឺពួកពលរដ្ឋបានដុតព្រៃនេះយកឃ្មុំ តែដល់ពេលឆេះខ្លាំងក៏រត់ទៅបាត់ ចំពោះដីព្រៃលិចទឹកនៅតំបន់ហាមឃាត់នោះ ព្រោះលោកបានរាយការទៅឲ្យថ្នាក់លើអស់ហើយ។លោកបន្តថា ប៉ុន្តែករណីឆេះព្រៃនេះលោកមិនទាន់បានដឹងនៃការឆេះនោះអស់ប៉ុន្មានហិចតានោះទេ ព្រោះព្រៃនោះវានៅឆេះនៅឡើយ។
ជុំវិញករណីនេះផងដែរ លោក ប៊ុន ថារិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ខែមិថុនានេះ លោកកំពុងជាប់រវល់ប្រជុំនៅភ្នំពេញ ហើយករណីនេះលោកមិនទាន់បានដឹងពីមូលហេតុនៅឡើយទេ ហើយពេលនេះលោកនិងទូរស័ព្ទមកសួរមន្ត្រីថ្នាក់ក្រោមរបស់ ដើម្បីមានចំណាត់ការបន្តទៅទៀត។សូមរំលឹកផងដែរថា នារដូវនេះ គេសង្កេតឃើញភាពមហន្តរាយព្រៃលិចទឹកដែលជាជម្រកត្រីពងកូន កំពុងត្រូវបានក្រុមឈ្មួញលួចដុតឆេះយ៉ាងរង្គាលជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រ ឃុំកណ្តែក,សង្កាត់ជ្រាវ,សង្កាត់សៀមរាប,សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយគ្មានឃើញសមត្ថកិច្ចក្នុងខេត្តទេសចរណ៍មួយនេះមានចំណាត់ការក្តៅណាមួយនៅឡើយទេ៕ ដោយ កុសល



































