បាត់ដំបង៖ មានការរអ៊ូរទាំយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយសារតែនៅរៀងរាល់ដំណាច់ខែម្តងៗគេឃើញខាងកំលាំងសមត្ថកិច្ចប៉ុស្តិ៍ដើរកាន់ក្បាលប័ណ្ណជាច្រើនដុំចែកតាមខ្នងផ្ទះក្នុងមួយផ្ទះមួយសន្លឹកដើម្បីប្រមូលយកបច្ច័យទៅឧបត្ថម្ភលើកំលាំងប្រជាការពារនៅក្នុងសង្កាត់ទាំងមូល។
គួរពិនិត្យដែរនៅលើប័ណ្ណនោះគឺបានបញ្ជាក់យ៉ាងច្បាស់ថា ប្រមូលប្រាក់ទៅឧបត្ថម្ភដល់
កំលាំងប្រជាការពារ ដោយតម្រូវអោយក្នុងមួយគ្រួសារបង់ប្រាក់ចំនួនពីពាន់រៀលក្នុងមួយខែ ប៉ុន្តែប័ណ្ណនេះមិនមានការសរសេរអោយគ្រប់លក្ខណ:នោះទេគឺគ្មានឈ្មោះអ្នកប្រគល់លុយ ឈ្មោះអ្នកទទួលលុយ គឺមានតែហត្ថលេខារបស់លោកចៅសង្កាត់តែមួយគត់ហើយគ្មានត្រាឈ្មោះថែមទៀត។
បើគេសង្គេតមើលនៅក្នុងសង្កាត់ស្វាយប៉ោទាំងមូលគឺមានប៉ុស្តិ៍ប្រជាការពារចំនួន3កន្លែង
គឺស្ថិតនៅភូមិព្រែកមហាទេព ភូមិកម្មករ និងភូមិកំពង់ក្របី ដោយសរុបប្រជាការពារមានចំនួនប្រមាណ22នាក់ ដែលនៅយាមប្រចាំការតាមបណ្តាប៉ុស្តិ៍ទាំងនេះ។ចំណែកគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ោទាំងមូលមានប្រមាណជាងមួយពាន់គ្រួសារ ឬជាងមួយពាន់ខ្នងផ្ទះ។
តាមតួលេខជាក់ស្តែង បើគេយកចំនួនខ្នងផ្ទះមកគុណនឹងចំនួនទឹកប្រាក់2ពាន់រៀល
នោះទឹកប្រាក់នឹងកើនឡើងរហូតដល់ជាងពីរលានរៀលឯណោះ ដូច្នោះហើយបានជាមានប្រជាពលរដ្ឋជាច្រើនបានចោទសួរទៅលើបញ្ហាទឹកប្រាក់ទាំងនេះថាតើលោកចៅសង្កាត់ប្រមូលលុយទាំងនេះយកទៅនាច្រើនម្ល៉េះនៅរៀងរាល់ដំណាច់ខែនីមួយៗ ព្រោះបើគេសង្គេតមើលទៅលើសកម្មភាពសមត្ថកិច្ចដែលដើររៃអង្គាសបច្ច័យទាំងនេះហាក់ដូចជាមិនមែនសួរនាំថាតើអ្នកមានលុយឬអត់ហើយអាចជួយឧបត្ថម្ភទៅលើកំលាំងប្រជាការពារខ្លះបានដែរឬទេ? ប៉ុន្តែសកម្មភាពរបស់គេពេល ទៅដល់ខាងមុខផ្ទះហើយហុចប័ណ្ណនោះទៅម្ចាស់ផ្ទះរួចឈរចាំទទួលយកលុយមកវិញទៅតាមចំនួនដែលបានសរសេរកំណត់នៅក្នុងប័ណ្ណនោះតែម្តង ដោយមិនបាច់សួរនាំអ្វីទាំងអស់។
តាមរយ:ទូរស័ព្ទរបស់ប្រជាការពារម្នាក់ដែលរស់នៅក្នុងភូមិកម្មករ នាព្រឹកថ្ងៃទី4-6-15
គឺគេបានបញ្ជាក់យ៉ាងច្បាស់ថា ប៉ុស្តិ៍របស់លោកមានគ្នាតែ4នាក់ប៉ុណ្ណោះ ហើយចំនួនប្រាក់ដែលគេឧបត្ថម្ភគឺមិនទៀងទាត់ឡើយ ដោយខែខ្លះបាន5ម៉ឺន ខែខ្លះបាន6មុឺន ហើយខែខ្លះទៀតអាចទាបជាងនេះក៏មានដែរ គឺគេមិនបានដឹងថាការប្រមូលលុយពីប្រជាពលរដ្ឋក្នុងមួយខែៗបានប៉ុន្មាន ហើយត្រូវបែងចែកទៅខាងណាខ្លះនោះឡើយ។
លោក អ៊ុក គីម ចៅសង្កាត់ស្វាយប៉ោ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថាប្រាក់ទាំងនេះគឺទុក
សម្រាប់ឧបត្ថម្ភទៅលើប្រជាការពារតែមួយមុខគត់ ដោយមិនមានបែងចែកទៅខាងណាទៀតឡើយប៉ុន្តែវាអាស្រ័យទៅលើការប្រមូលពីប្រជាពលរដ្ឋបានតិចឬបានច្រើនតែប៉ុណ្ណោះ តែបើគិតទៅលើចំនួនខ្នងផ្ទះគឺមានជាងមួយពាន់ខ្នងផ្ទះមែន។បញ្ហានេះបានធ្វើអោយមានមតិជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើការដឹកនាំរបស់លោក អ៊ុក គីម ចៅសង្កាត់ស្វាយប៉ោថ្មីនេះ ព្រោះលុយរាប់លាន. ក្នុងមួយខែៗគឺលោកបាននិយាយថាស្ទើរតែចាយទៅលើប្រជាការពារមិនគ្រប់ផង។ប៉ុន្តែបើគេវិភាគថាបើប្រជាការពារម្នាក់ទទួលបាន6ម៉ឺនជាមធ្យមគឺអស់ប្រហែលជាងមួយលានបួនសែនតែប៉ុណ្ណោះនេះជារឿងមិនធម្មតាឡើយ ដែលមានការធុញទ្រាន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយពួកគាត់បានលើកឡើងថា សម័យនេះហើយនៅមានការដើររៃអង្គាសប្រមូលលុយពីប្រជាពលរដ្ឋទៀត។
ទឹកប្រាក់ចំនួនពីរពាន់រៀលនេះគឺគិតតែតាមខ្នងផ្ទះប៉ុណ្ណោះ ដោយឡែកនៅតាមបណ្តាអាហារដ្ឋាននិងភោជនីយដ្ឋានគឺជារឿងផ្សេង ដែលមានកំរិតខ្ពស់ជាងនេះទៅទៀត។
យើងគួរប្រៀបធៀបថា បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយយោងទៅលើ
ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺនៅក្នុងភូមិ ឃុំណាក៏មានប៉ុស្តិ៍ប្រជាការពារដែរតើគេធ្ចើដូចលោកចៅសង្កាត់ស្វាយប៉ោដែរឬទេ? ជាក់ស្តែងលោក អ៊ុត ពឿត មេឃុំអូរដំបង1 ក្នុងទឹកដីស្រុកសង្កែ ហើយនៅក្នុងខេត្តបាត់ដំបងតែមួយ គឺលោកបានអះអាងថា លោកមិនហ៊ានទៅប៉ះពាល់ដល់ថវិការរបស់ប្រជាពលរដ្ឋឡើយ ដោយនៅក្នុងឃុំរបស់លោកទាំងមូលមានប៉ុស្តិ៍ប្រជាការពារច្រើនជាងសង្កាត់ស្វាយប៉ោទៅទៀត ប៉ុន្តែលោកបានចាត់តាំងសមត្ថកិច្ចប៉ុស្តិ៍ម្នាក់ធ្វើជាកំលាំងស្នូលព្រមទាំងបានប្រកាសទៅតាមកំលាំង ក ស ដែលក្នុងមួយភូមិៗមានពី10ទៅ15នាក់ ដើម្បីរកអ្នកស្ម័គ្រចិត្តជួយក្នុងកិច្ចការនេះដោយមិនមានទទួលនូវប្រាក់ឧបត្ថម្ភអ្វីឡើយ គឺមានន័យថាគេជួយក្នុងមូលដ្ឋានរបស់គេដោយសុទ្ធចិត្ត ដូច្នេះកំលាំងនៅតាមបណ្តាប៉ុស្តិ៍នីមួយៗអាចវិលជុំបាននៅពេលដែល
មាននរណាម្នាក់មានធុរ:ចាំបាច់ នេះគឺជាគោលការ និងចំណាត់ការរបស់លោកមេឃុំអូរដំបង1។បើយ៉ាងដូច្នេះមែនគួរណាស់តែលោកអភិបាលក្រុងមេត្តាពិនិត្យសារឡើងវិញរាល់បញ្ហានេះជៀសវាងនូវការផ្ទុះប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយប៉ោទាំងមូល៕