កំពង់ឆ្នាំង៖ យុវតីសិស្សវិទ្យាល័យ ហ៊ុនសែនរលាប្អៀរ ៤នាក់និងស្ត្រីជាអ្នកលក់ប្រហិចៀននៅក្នុងវិទ្យាល័យ បានរងរបួសធ្ងន់ស្រាល ដោយសារផ្ទុះកំប៉ុងហ្គាស ក្នុងពេលពួកគេកំពុងទិញប្រហិតបំពង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង២៥នាទីរសៀលថ្ងៃទី០៤ ខែ
មិថុនា ឆ្នាំ២០១៥ នៅក្នុងបរិវេណវិទ្យាល័យ ហ៊នសែនរលាប្អៀរ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ។ លោក ទឹម ចន្ធី អធិការស្រុករលាប្អៀរបានអោយដឹងថា៖យុវតីជាសិស្ស៤នាក់ និងអ្នកលក់ប្រហិតម្នាក់ជាជនរងគ្រោះរលាកមុខមាត់ ដៃជើង ធ្ងន់ស្រាល ទាំងនោះរួមមាន៖១.ឈ្មោះ ចាន់ សុភាស់ ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់,២.ឈ្មោះ កែវ ចន្នី ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់, ៣.ឈ្មោះ គឹម កាញ្ញារ៉ាត់ ភេទស្រី អាយុ១៧ឆ្នាំ រងរបួសស្រាល, ៤.ឈ្មោះ កុយ ណែត ភេទស្រី អាយុ១៨ឆ្នាំ រងរបួសស្រាល អ្នកទាំង៤នាក់ជាសិស្សនៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ។ដោយឡែកអ្នកលក់ប្រហិតបំពងឈ្មោះ សៅ ស៊ីថន អាយុ៥២ឆ្នាំ រងរបួសស្រាល។
មុនពេលកើតហេតុសិស្សរងគ្រោះទាំង៤នាក់បានទៅអង្គុយហូប ប្រហិតបំពង នៅក្នុងបរិវេណវិទ្យាល័យ ខណៈដែលអ្នកលក់កំពុងបំពងប្រហិតនោះ ស្រាប់តែកំប៉ុងហ្គាសមួយបានផ្ទុះឡើង បណ្តាលអោយអណ្តាតភ្លើងឆាបឆេះខ្លាញ់ខ្ទាត រលាកពេញមុខមាត់ ដៃជើងជនរងគ្រោះ។ក្រោយពេលកើតហេតុ លោកគ្រូអ្នកគ្រូ និងលោកនាយកសាលាបានដឹកបញ្ជូនសិស្សរងគ្រោះទៅកាន់ពេទ្យ ឯកជននៅមុខផ្សារពង្រដើម្បីជួយសង្គ្រោះព្យាល។
នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានដឹកនាំ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះទៅសួរសុខទុក្ខជនរងគ្រោះទាំងអស់នៅក្នុងវិទ្យាល័យ និងបានផ្តល់អំណោយជាថវិកាជូនមួយចំនួនផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើរ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ ដែលជាអ្នកប្រើប្រាស់ហ្គាសចំអិនម្ហូបអាហារទាំងអស់ ត្រូវត្រួតពិនិត្យកំប៉ុងហ្គាស ដោយប្រយ័ត្នប្រយែងនិងម៉ត់ចត់ ពីសេសគឺសុំកុំប្រើកំប៉ុងហ្គាសចាស់ៗ ដែលនាំអោយផ្ទុះមានគ្រោះថ្នាក់ដូចករណីខាងលើនេះ ព្រោះការប្រើកំប៉ុងហ្គាសចាស់កន្លងមកធ្លាប់ផ្ទុះមានគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់រួចមកហើយ។ ករណីនេះសមត្ថកិច្ចក៏ត្រូវអប់រំណែនាំដល់អ្នកលក់ដូរហ្គាសក្នុងទីផ្សារផងដែរ ទើបទប់ស្កាត់ករណីនេះបាន៕



































