កំពង់ធំៈ បញ្ហាការរំលោភដីព្រៃរបស់រដ្ឋ ត្រូវបានឈ្មួញត្រូវរ៉ូគ្នាជាមួយអាជ្ញាធរស្រុក និងសង្កាត់រដ្ឋបាលព្រៃឈើស្ទោង នាំគ្នាយកគ្រឿងចក្ររុករាន្ទដីព្រៃដោយខុសច្បាប់ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដោយពុំត្រូវបានហាមឃាត់ ពីសំណាក់មន្ត្រីជំនាញនោះទេ ចំណែកអាជ្ញាធរស្រុកស្ទោងបែជាផ្តល់ពត៌មាន ឲ្យទៅឈ្មួញដើម្បីឲ្យយកគ្រឿងចក្រដក ថយខណៈពេលដែលដឹងថា មានអ្នកសារពត៌មានចុះទៅទីតាំងដែលខ្លួនប្រព្រឹត្តបទល្មើស។
បញ្ហាដីធ្លីនៅក្នុងស្រុកស្ទោង ទាំងដីវាលក្រោមផ្នែកទន្លេសាប ទាំងដីវាលទំនាប គឺសុទ្ធតែត្រូវបានឃុបឃិតគ្នាជាមួយ អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ព្រមទាំងមន្ត្រីជំនាញ បើកដៃឲ្យឈ្មួញរុករាន្ទដីព្រៃដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ដោយពុំមានការរាងចាលនោះទេ ទោះជាមន្ត្រីខ្លះនៅជាប់ពាក់ប័ន្ឋនិងតុលាការនៅឡើយទេ ពាក់ព័ន្ឋទៅនឹងការបើក ដៃឲ្យឈ្មួញឈូសឆាយដីព្រៃខុសច្បាប់ រហូតមកដល់ពេលនេះ មេភូមិ មេឃុំ និងអាជ្ញាធរស្រុក ពុំហ៊ានចុះហត្ថលេខា លើលិខិតស្នាមការសុំឈូសឆាយដីព្រៃលិចទឹក និងដីព្រៃរបស់រដ្ឋនោះទេ តែទោះជាយ៉ាងណានោះ ក៏គេសង្កេតឃើញថា មានបុគ្គលខ្លះពុំមានការរាងចាល់ ។
ជាក់ស្តែងដីព្រៃនៅចំនុចដូនប៉ាស្ថិតនៅភូមិបុស្សតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានឈ្មួញឈ្មោះ ពៅ ប៉េងឃីម ជាម្ចាស់ដី ភេទប្រុស លក់គុយទាវក្នុងផ្សារស្ទោងរស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងរំភើយដោយពុំមានការខ្លាចញញើត ពីសំណាញ់ច្បាប់ឡើយ សកម្មភាពដែលរុករាន្ទដីព្រៃនេះ ត្រូវបានគេលួចកាប់ឆ្ការ ក្រោយមកក៏លួចដុត ក្រោយមកទៀតលួចគាស់គល់ ហើយលួចភ្ជួរជាការសម្រេច ១០០% ដោយសារតែដីស្រឡះ នៅលើផ្ទៃដីជិត១០ហិចតាដើម្បី ចែកគ្នា ចំនែកមេព្រៃ និងអាជ្ញាធរស្រុក ធ្វើមិនដឹងមិនលឺ មិនខ្ចីខ្វល់ ថែមទាំងបោះដៃប្រាប់ឈ្មួញខណៈពេលមានមនុស្សស្ថាប័នផ្សេងៗចុះទៅ។
ពាក់ព័ន្ឋនឹងបញ្ហាឈ្មួញរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងបាន បដិសេធន៍ថា លោក មិនបានដឹងទាលតែសោះ ដីព្រៃនៅចំនុចដូនប៉ា ត្រូវបានគេលួចឈូសឆាយ ចាំមើលគាត់សួរទៅលោក មេឃុំទ្រា មាន ដឹងពីរឿងហ្នឹងអត់ ។
ប្រជាពលរដ្ឋបានត្អូញត្អែ ថាខ្លាចៗនោះខ្លាច ខ្លាចគេចាប់ដាក់គុក មិនហ៊ាននឹងគេ ដីព្រៃរបស់រដ្ឋ ស្ថិតនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ កំពុងតែក្លាយទៅជាដីរបស់ឈ្មួញទាំងអស់ បើអាជ្ញាធរ ជាប់ត្រគៀគ កើតជំងឺស្ពឹក ពុំមានការហាមឃាត់ឲ្យមានភាពតឹងតែង និងធូររលុងដូច្នេះវានឹងក្លាយជាដីកម្មសិទ្ធអ្នក មានលុយ មានអំណាច ចំនែកអ្នកក្រីក្រ ដីកាន់តែរួញទៅៗ ព្រោះខ្វះខាតលក់ដោះដូរដើម្បីជីវិត ចំណែកទៅរុករាន្ទដី ថ្មីខ្លាចគុកខ្លាចច្រវ៉ាក់ ចំណែកអ្នកមានលុយ មានអំណាចហ៊ានឈូសឆាយរាប់រយហិចតា មិនដែលខុសម្តងណាឡើយ ពេលមានរឿងយកលុយមកបិទខាងលើខាងក្រោមជិត ចំណែកសកម្មភាពឈូសឆាយនៅតែបន្តដោយស្វាយប្រវត្ត ដោយសារតែគ្មាននណារហ៊ានរករឿងទៀតឡើយ ព្រោះដោះស្រាយបញ្ចប់ដោយលុយអស់ហើយ។
ដោយ ប៊ុន រដ្ឋា




































