ខេត្តសៀមរាប៖ វត្តវៀតណាមដែលសាងសង់ឡើងដោយគ្មានច្បាប់ទម្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋាន បានចុះទៅកំទេចចោល បន្ទាប់ពីមានការរិះគន់ពីសំណាក់ពលរដ្ឋនិងបណ្តាញសង្គមហ្វេសបុកនាពេលកន្លងទៅ។ហេតុការសមត្ថកិច្ចចុះវាយកំទេចវត្តយួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ការតាំងរូបសំណាកបដិមាតាមបែបសាសនាវៀតណាមនោះ ទើបតែកើតឡើងនៅឆ្នាំ២០១៥នេះ នៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ បន្ទាប់ពីមានវត្ដមានជនជាតិវៀតណាមមួយក្រុមបានមកតាំងទីលំនៅនៅទីនោះកាលពីឆ្នាំ២០១២កន្លងមក។ប្រភពបន្ដថា ការសាងសង់ និងតាំងរូបសំណាកសាសនាវៀតណាមនោះ មិនមានច្បាប់អនុញ្ញតឡើយ ប៉ុន្តែក្រោយពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចុះផ្អាកបណ្តោះអាសន្នមកនោះ ក៏ឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានដឹកនាំដោយលោកអភិបាលស្រុកចុះមកដល់ធ្វើការវាយកំទេចរូបសំណាកទាំងអស់នោះចោលទាំងស្រុង ចំណែកម្ចាស់ជាជនជាតិវៀតណាម គេចខ្លួនបាត់។ទាក់ទិនករណីនេះដែរប្រធានមន្ទីរធម្មការ និងសាសនា ខេត្ដសៀមរាប លោក វណ្ណ ប៊ុណ្ណា បានឲ្យដឹងនៅរសៀលថ្ងៃទី០៤ខែមិថុនានេះថា ករណីលោកមិនបានចុះទៅទេ ព្រោះអាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅកំទេចរូបបដិមាករចោល។
ចំណែកលោក ស៊ិក ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៥ ថាករណីដែលជនជាតិវៀតណាមមកលួចសាងសង់វិហារគង់ស៊ីអ៊ឹម នេះឡើងដោយគ្មានច្បាប់នេះគឺត្រូវបានលោកឲ្យកម្លាំងសមត្ថកិច្ចចុះទៅធ្វើការកំទេចរូបបដិមាករនោះចោល កាលពីរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៥។លោកបន្តថា ករណីចុះកំទេចរូបគង់ស៊ីអ៊ឹមនិងរូបបដិមាករផ្សេងទៀតនោះ លោកមិនអនុញ្ញាតិឲ្យមន្ត្រីនគរបាលណាម្នាក់លួចថតឡើយ ព្រោះលោកយល់ថាការថតរូបភាពនោះ អ្នកខ្លះបង្ហោះហ្វេសបុកនិយាយមិនគប្បីអាចប៉ះពាល់ទៅនឹងរឿងនយោបាយក៏មាន ដូច្នេះលោកដាច់ខាតមិនអនុញ្ញាតិឲ្យថតយករូបភាបនោះទេ ចំណែកម្ចាស់ជាជនជាតិវៀតណាម ដែលមកលួចកសាងវត្តយួននេះឡើង ត្រូវបានគេចខ្លួនបាត់។ជុំវិញករណីខាងលើនេះដែរ លោក ប៊ុន ថារិទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបផងនោះ មិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី០៤ខែមិថុនានេះដោយ ទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា៕




































