ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសារតែបុរសជាមន្ត្រីប៉េអឹមស្រវឹងស្រា បានបើករថយន្តបុករ៉ឺម៉កម៉ូតូកង់បី នៅចំណុចមុខសាលាសង្កាត់ស្ទឹងមានជ័យ បណ្តាលឱ្យអ្នករត់រ៉ឺម៉ក រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រួចអ្នកបើករថយន្តបង្ក បានព្យាយាមបើករត់ ក៏ត្រូវបានអ្នកដំណើរដេញឃាត់បាន នៅខាងកើតផ្សារដើមគរ នៅចំណុចផ្លូវលេខ៣៤៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ។
ប្រភពពត៌មានជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមេរី ពណ៍ក្រហម ពាក់ស្លាកលេខ បើកបរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចទៅកើតរេពេញផ្លូវ ដោយក្នុងរថយន្តនោះ រួមដំណើរដោយបុរស២នាក់ជាមន្ត្រីប៉េអឹម ខណះមកដល់ចំណុចកើតហេតុ បានបុករ៉ឺម៉កកង់បី ដែលជិះក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើករ៉ឺម៉កកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ចំណែករ៉ឺម៉កកង់បី បានរងការខូចខាត ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តខាងលើ បានព្យាយាមបើករត់ ទាំងរថយន្តបែកកង់ខាងឆ្វេង តាំងពីចំណុចកើតហេតុ រហូតដល់ខាងកើតផ្សារដើមគរ ដល់ផ្លូវលេខ៣៤៨ ក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានតែម្តង ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាចោមរោម និងបានរិះគន់យ៉ាងខ្លាំង ទៅលើបុរសជាប៉េអឹមទាំង២នាក់ សុតតែជាកម្លាំងសមត្ថកិច្ច ប៉ុន្តែបែរជានាំគ្នាផឹកស៊ីស្រវឹងស្រាជោគជាំ ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ុន្តែបែរជាមិនមានការទទួលខុសត្រូវទៅវិញ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយខ្លាចប្រជាពលរដ្ឋ ទប់កំហឹងមិនបាន អាចបង្កជាអំពើហិង្សា និងថែមទាំងនាំគ្នាដូរកង់រថយន្ត ដើម្បីបើករថយន្ត និងនាំជនបង្កទាំង២នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនាពេលក្រោយ ៕




































