ខេត្តតាកែវ៖ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានក្រើនរំលឹកប្រាប់មន្ត្រីសាលាស្រុក បូរីជលសារថា ចាប់ពីថ្ងៃនេះតទៅ ត្រូវធ្វើការអ្វីៗ ដើម្បីបងប្អូនប្រជាពលរដ្ឋ ។ លោកមអភិបាលខេត្ត បានមានប្រសាសន៍ខាងលើនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅស្រុកបូរីជលសា ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ។ នៅចំពោះមុខមន្ត្រី និងប្រជាពលរដ្ឋ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការផ្តល់សេវាសាធារណៈ ដែលផ្តោតសំខាន់លើ សំបុត្រកំណើត លិខិតអាពាហ៍ពិពាហ៍ លិខិតមរណភាព អត្តសញ្ញាណប័ណ្ណ ការចុះបញ្ជីអត្រានុគូល ដ្ឋាន ដែលបញ្ហាទាំងនេះ ត្រូបានបញ្ជាក់ច្បាស់ថា រដ្ឋមិនបានយកតម្លៃទៅលើសេវាទាំងអស់នោះទេ ។
ដូចនេះមន្ត្រីនៅមូលដ្ឋានត្រូវតែធ្វើជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ នេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោក អភិបាលខេត្តបន្តថា មន្ត្រីគឺមានន័យថា ជាអ្នកបម្រើប្រជាជន មិនមែនមានន័យថា ជាអ្នកត្រួតត្រាប្រជាជនទេ ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលចាត់តាំង ឱ្យមានក្រុមការងារ ចុះបំពេញបេសកកម្មតាមមូលដ្ឋាន ដើម្បីជួយសម្របសម្រួលក្នុងការដោះស្រាយ បញ្ហានានាដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ហើយក្រុមការងារត្រូវមានភារកិច្ចបន្ថែម គឺផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយភូមិ-ឃុំមានសុវត្តិភាព កម្មវិធីគោលនយោបាយតាមវិស័យនានាក៏ដូចជាសភាពការណ៍រួម របស់ប្រទេសជាតិ ។ គួរំលឹកថា ស្រុកបូរីជលសា មានផ្ទៃដីសរុប ២៤,០០០ហ.ត ចែក ជា០៥ឃុំ ស្មើនឹង ៣៩ភូមិ មានមនុស្សសរុបចំនួន ២៧,៥៦៤នាក់ ស្រី ១៣,៨១៧នាក់ អាយុ ១៨ឆ្នាំឡើង ចំនួន ១៧,៧៤១នាក់ ៕