កំពង់ឆ្នាំង៖ដើម្បីទប់ស្កាត់ការនាំជំងឺពីខាងក្រៅចូលទៅក្នុងមន្ទីរពេទ្យ ពេលនេះលោកប្រធានមន្ទីរពេទ្យខេត្តបាននិងកំពុងអោយគេធ្វើតូបមួយកន្លែងដើម្បីដាក់ប្រដាប់លាងដៃ
(ឡាបូបូ )សំរាប់អោយអ្នកចូលទៅកំដរអ្នកជំងឺ ដែលសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត លាងដៃអោយស្អាតមុននិងចូលទៅសួរសុខទុក្ខ ឬថែទាំអ្នកជំងឺ។
លោក សូរិន្ទី រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះថា៖អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការប្រជុំឯកភាពរបស់ថ្នាក់ដឹកនាំនៅក្នុងមន្ទីរពេទ្យខេត្ត ពេលនេះមន្ទីរពេទ្យខេត្តបាននិងកំពុងអោយជាងធ្វើតូបមួយកន្លែង នៅជាប់អាគារការិយាល័យរដ្ឋបាលមន្ទីរពេទ្យខេត្តដែលអាចដាក់បានប្រដាប់លាងដៃបាន៣គ្រឿង(ឡាបូបូ) ដើម្បីទុកអោយប្រជាពលរដ្ឋដែលចូលទៅសួរសុខទុក្ខអ្នកជំងឺដែលជាបងប្អូនសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត បានលាងដៃអោយស្អាតបាតមុននិងចូលទៅប៉ះពាល់ថែទាំនិងសួរសុខទុក្ខអ្នកជំងឺ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យខេត្តបានអោយដឹងទៀតថា៖ការធ្វើប្រដាប់លាងដៃខាងលើនេះ គឺជាការទប់ស្កាត់ជំងឺឆ្លងទាំងឡាយពីខាងក្រៅចូលទៅក្នុងមន្ទីរពេទ្យ ម្យ៉ា ងទៀតក៍ដើម្បីថែទាំសុខភាពអ្នកជំងឺ ដែលកំពុងសំរាកព្យាលបាលនៅក្នុងមន្ទីរពេទ្យអោយឆាប់ជាសះស្បើយ កុំអោយមានជំងឺផ្សេងទៀតថែមមកលើជំងឺរបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត ក៍សូមអំពាវនាវផងដែរដល់ក្រុមគ្រួសារអ្នកជំងឺទាំងអស់ក្រោយពីមន្ទីរពេទ្យខេត្តធ្វើកន្លែងលាងដៃរួចរាល់ គឺស្នើសុំបងប្អូនទាំងអស់មុនចូលទៅសួរសុខទុក្ខ ឬទៅកំដរថែទាំអ្នកជំងឺ សូមមេត្តាលាងដៃនិងសាប៊ូអោយបានស្អាតបាតជាមុនសិន ធ្វើបែបនេះបាន នោះទើបអ្នកជំងឺពិតជាឆាប់បានជាសះស្បើយ។
ប្រជាពលរដ្ឋម្នាក់ដែលកំពុងថែទាំជំងឺកូននៅក្នុងមន្ទីរពេទ្យខេត្តបាននិយាយអោយដឹងថា៖ពីមុនមកការធ្វើអនាម័យសំអាតដៃជើងរបស់ពួកគាត់ជាអ្នកកំដរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យខេត្តពិតជាមានការលំបាក ព្រោះតែគ្មានកន្លែងលាងដៃអោយបានត្រឹមត្រូវ។ការធ្វើកន្លែងលាងដៃរបស់មន្ទីរពេទ្យខេត្តខាងលើនេះ ពិតជាធ្វើអោយពួកគាត់សប្បាយចិត្ត ព្រោះមានកន្លែងលាងដៃដ៍ស្អាតបាតនិងមានអនាម័យមួយត្រឹមត្រូវ គាត់សង្ឃឹមថា៖ប្រជាពលរដ្ឋដែជាអ្នកកំដរអ្នកជំងឺទាំងអស់នៅក្នុងមន្ទីរពេទ្យខេត្ត ពិតជាសប្បាយចិត្តដូចគាត់និងចូលរួមសំអាតដៃជើងអោយបានស្អាតមុននិងចូលទៅសួរសុខទុក្ខនិងថែទាំអ្នកជំងឺ៕



































