បាត់ដំបង៖លោក ផាន់ អាំផៃ ប្រធានមណ្ឌលសុខភាពសង្កាត់និមិត្តក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចរាយការណ៍ ថា បានបើករថយន្តចេញពីហាងផឹកស៊ីក្នុងស្ថានភាពស្រវឹង បានបើកបុកអ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់ បន្ទាប់ពីគេដឹកទៅដល់មន្ទីរពេទ្យ ហើយរថយន្តបង្កក៏ជ្រុលទៅបុក
ដើមដូង១ដើមទៀតទើបទៅមុខលែងរួច ។
ហេតុការណ៍កើតឡើងកាល ពីម៉ោង៥ ល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចផ្លូវចូលភូមិគាប ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីរាយការណ៍ពីនគរបាលចរាចរខេត្ត ឱ្យដឹងទៀតថា អ្នកបើករថយន្តកាមរីបាឡែន ដែល ជាប្រធានមណ្ឌលសុខភាពសង្កាត់និមត្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ក៏ទទួលរងរបួសធ្ងន់ដែល ហើយ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ក៏ប៉ុន្តែដោយសារ ស្ថានភាព របួសធ្ងន់លោកក៏ត្រូវក្រុម គ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។
សមត្តកិច្ចបានបន្តថា: ប្រធានមណ្ឌលសុខភាពរូបនោះ ឈ្មោះ ផាន់ អាំផៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកកាមរីពណ៌ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ២ A៥៤៧៣ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ លី ខរី ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកម៉ូតូម៉ាកហ្ស៊ូមម័អ៊ិច ពណ៌ខ្មៅ គ្មានស្លាកលេខ ។




































