បាត់ដំបង៖ ទោះបីជាមានការប្រជុំពីសំណាក់គណបញ្ជាការកងឯកភាពស្រុកសំឡូត ស្តីពីការទប់ស្កាត់នូវការនាំឈើជន្លង់ម្រេចចេញទៅក្រៅស្រុកយ៉ាងណាក៏ដោយក៏ស្ត្រីម្នាក់ដែលជាមេឈ្មួញឈើដ៏ធំប្រចាំស្រុកសំឡូត ខេត្តបាត់ដំបង និងត្រូវជាភរិយារបស់លោកមេបញ្ជាការ
រងកងរាជអាវុធហត្ថស្រុកនៅតែបន្តសកម្មភាពយ៉ាងងងើលដែលហាក់ដូចជាត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធយ៉ាងដូច្នេះដែរ។
បើតាមប្រភពច្បាស់ការបានបញ្ជាក់ថាស្ត្រីដែលជាមេឈ្មួញឈើនោះមានឈ្មោះ បុឹង ស្មី ជាភរិយារបស់លោកមេបញ្ជាការរង ឈឿន សុផាត បានផ្លាស់ប្តូរពីមុខរបរដឹកឈើប្រណិត ទៅជាដឹកកូនឈើជន្លង់ម្រេចវិញដោយសារតែមានការអនុញ្ញាតពីលោកអភិបាលស្រុកក្នុងការយកទៅប្រើប្រាស់ និងប្រកបរបរដាំដំណាំម្រេចរបស់ប្រជាពលរដ្ឋ។ប៉ុន្តែជនឱកាសនិយមនេះបានប្រើល្បិចធ្វើជាដឹកយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ធាតុពិតគឺគេជាឈ្មួញដ៏ធំដោយបាននិងកំពុងដឹកជញ្ជូនឈើជន្លង់ម្រេចស្ទើររាល់យប់មានចំនួនរាប់សិបគោយន្តចេញទៅអោយអ្នកលក់បន្តនៅស្រុករតន:មណ្ឌល ដែលផ្លូវនេះត្រូវធ្វើដំណើរឆ្លងកាត់តាមស្ពានដងទង់ដែលជាកន្លែងឈរជើងរបស់សង្កាត់រដ្ឋបាលព្រៃឈើផងដែរ។
> ជាក់ស្តែងកាលពីថ្ងៃទី5-6-15 ក៏មានការប្រជុំរបស់គណបញ្ជាការកងឯកភាពស្រុកដែរ លើប្រធានបទដែលៗប៉ុន្តែក្រោយពីប្រជុំចប់ឈ្មួញក៏នៅតែបន្តសកម្មភាពជាធម្មតា។ដោយសង្គេតឃើញថាវាជាទង្វើមួយខុសពីច្បាប់ដែលលោកអភិបាលស្រុកបានប្រកាសទើបលោកមេបញ្ជាការប៉េអឹម និងលោកអធិការស្រុក បានសហការគ្នាសុំបទបញ្ជាពីលោកអភិបាលស្រុកដើម្បីបង្ក្រាប ផ្ទុយទៅវិញបែរជាលោកអភិបាលស្រុកមិនអនុញ្ញាតទៅវិញវាមិនខុសអីទៅនឹងការប្រកាសក្តែងៗអោយឈ្មួញដំឡើងថ្លៃលើការបង់លុយយ៉ាងដូច្នេះដែរ។
ប្រភពមួយបានផ្តល់មកថាផែនការរបស់មេឈ្មួញក្នុងការនាំឈើជន្លង់ម្រេចទៅកាន់ស្រុករតន:មណ្ឌលមានចំនួនរហូតដល់ពីរមុឺនដើមឯណោះ បើដូច្នេះមែនឈើនៅក្នុងស្រុកសំឡូត ឬក៏ក្នុងតំបន់អភិរក្សដែនភ្នំសំកុះប្រាកដជារលាយជាមិនខានដោយសារតែការឃុបឃិតគ្នាបែបនេះ៕
ពាក់ព័ន្ធនឹងបញ្ហានេះតើការប្រជុំគណ:បញ្ជាការកងឯកភាពស្រុកមានន័យដែរឬទេ?តើអ្នកណាជាអ្នកដាក់បទបញ្ជា?ហើយអ្នកណាជាអ្នករារាំងមិនអោយបង្ក្រាបបទល្មើសនេះ? និងតើអ្នកណា ដែលជាអ្នកនៅពីក្រោយខ្នងបទល្មើស?បានជាមេឈ្មួញឈើដែលជាស្ត្រីភេទនេះក្លាហានហ៊ានប្រឆាំងនឹងបទបញ្ជានេះ។ដូច្នេះគួរណាស់តែលោកអភិបាលស្រុកពិនិត្យ និងពិចារណាឡើងវិញទៅលើ ប្រធានបទដែលលោកតែងតែដាក់ក្នុងអង្គប្រជុំជាច្រើនលើកច្រើនសារនោះផង ប្រយ័ត្នហៅគេប្រជុំលើកក្រោយគេលែងចូលរួមតិចស្តាយក្រោយ៕




































