សៀមរាប : កិច្ចប្រជុំដាស់តឿនក្រើនរំលឹកនិងការដាក់ចេញនូវផែនការ ការពាររក្សាសុវត្ថិភាពចរាចរណ៍និងការបញ្ជៀសការកកស្ទះនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីពិសេសគឺព្រឹត្តការណ៍អង្គរសង្ក្រានដែលបានរៀបចំធ្វើឡើងនៅក្នុងទឹកដីប្រវិត្តិសាស្ត្រនៃខេត្តសៀមរាបអង្គរឲ្យកាន់តែមានភាពល្អប្រសើនោះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០១៤ លោកវរសេនីយ៍ឯក តេង ច័ន្ទណាត ស្នងការរង ទទួលបន្ទុកចរាចរណ៍ និង លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំប្រជុំដាក់ផែនការជំនាញដល់កងកម្លាំងនគរបាលក្នុងអង្គភាពនៅទីតាំងស្ពានថ្មព្រះរាជដំណាក់ក្រុងសៀមរាប ។
ដោយលោកវរសេនីយ៍ឯក តេង ច័ន្ទណាត និង លោកវរសេនីយ៍ទោ ជឹម សុវណ្ណ បានមានប្រសាសន៍ផ្តាំផ្ញើថាបន្ទាប់ពីកម្លាំងក្នុងអង្គភាពនគរបាលចរាចរណ៍ផ្លូវគោកបានទទួលនូវបទបញ្ជាការដាក់ចេញនូវផែនការឲ្យអនុវត្តទៅតាមគោលដៅនិមួយៗហើយនោះសូមឲ្យអស់លោក លោកស្រី ខិតខំយកចិត្តទុកដាក់ប្រឹងប្រែងបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួន ត្រូវចេះសហការណ៍គ្នានិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវមានចិត្តអំណត់អត់ធ្មត់ក្នុងការបញ្ជាចរាចរណ៍និងត្រូវមានសុជីវធម៍ ក្រមសិលធម៍ គ្រប់ពេលវេលាដោយមិនត្រូវប្រើ ប្រាស់ពាក្យសំដីមិនសមរម្យឫក៏អកកិរិយាអ្វីមួយដែលធ្វើឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មានការថ្នាំថ្នាក់។
ផ្ទុយទៅវិញគឺត្រូវធ្វើយ៉ាងណាអនុវត្តឲ្យខានតែបាននូវបទបញ្ជាដែលថ្នាក់លើប្រគល់ជូនទើបយើងអាចទទួលបាននូវសុវត្ថិភាពចរាចរណ៍ក្នុងការបញ្ជាចរាចរណ៍មិនឲ្យមានការកកស្ទះធានាបាននូវភាពសប្បាយរីករាយប្រកបដោយសុវត្ថភាពល្អចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកដើរកំសាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន ដែលបានរៀបចំធ្វើឡើងនៅក្នងឱកាសបុណ្យចូលឆ្នាំថ្មីនៅខេត្តសៀមរាបផងដែរ ៕ អត្ថបទ ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ