ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកព្រូសមួយគ្រឿង បានបុកគ្នាជាមួយនិងម៉ូតូណៃហត ត្រង់ចំណុចផ្លូវកែង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនមានមនុស្សរងរបួសនោះទេ ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ២២៥ កែងផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកណៃហត ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២៥ ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AB-1271 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១២ ក្នុងទិសដៅពីលិចទៅកើត ដោយមកដល់ចំណុចកើតហេតុ មិនបន្ថយល្បឿនដូចគ្នា ក៏ជ្រុលបុកគ្នាបណ្តាលឲ្យរងការខូចខាត ទាំងសងខាង តែមិនមាននាក់រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុ ភាគីទាំងសងខាង បានជជែកគ្នាដោយយកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ និងអ្នកដំណើរនាំគ្នាឈប់មើល ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការសម្របសម្រួល ដោយមានការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច ភាគីទាំងសងខាង បានសម្រួលគ្នា ដោយមិនមាននាក់ណាសងនាក់ណានោះទេ ហើយបាននាំជិះចេញរៀងខ្លួនតែម្តង ៕





































