ខេត្តប៉ៃលិន៖ ការលើឡើងរបស់ប្រជាពលរដ្ឋនេះដែរ ស្របពេលដែលមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញហាមឃាត់នៅលើសុវត្ថភាពម្ហូបអាហារ ដើម្បីការពារសុខុមាលភាពដល់អ្នកប្រើប្រាសនិងប្រជាពលរដ្ឋទូទៅ។ សកម្មភាពនោះ ធ្វើឡើងកាលព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានរៀបរាប់ឲ្យអ្នកយកព័ត៌មានកម្ពុជាថ្មីដឹងថា៖ ពួកគាត់មានការព្រួយបារម្ភខ្លាំង ខណៈដែលខេត្តប៉ៃលិន ជាខេត្តមួយជាប់តំបន់ជាយដែនកម្ពុជា-ថៃ រួមទាំងមានច្រកលួចលាក់ជាច្រើនកន្លែង ដែលឈ្មួញថៃ និងឈ្មួញខ្មែរនាំចូលនូវទំនិញដែលហួសកាលកំណត់ប្រើប្រាស់, ខូចគុណភាព, ឬ ទំនិញហាមឃាត់ ឬទំនិញគ្មានអនាម័យជាច្រើនមុខ ។ ប្រភពព័ត៌មានបន្តថា៖ ជាមួយការតាំងលក់ក្នុងរូបភាពផ្សារណាត់ប្រចាំសប្តាហ៏ ដែលពលរដ្ឋខេត្តប៉ៃលិន និងខេត្តមួយចំនួនជាប់ខេត្តប៉ៃលិន សម្រុកទៅទិញទំនិញជាប្រចាំ ដោយពុំគិតពីសុវត្ថភាព និងគុណភាពនៃការប្រើប្រាស់ ហើយកត្តាទាំងនេះ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋផងដែរ ,ពួកគាត់ បានសំណូមពរ ដល់មន្ត្រីជំនាញពាក់ព័ន្ធតាមច្រកទ្វារនិមួយៗ មេត្តាពិនិត្យគិតគូរពីបញ្ហានេះ ផង ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា៖ ការតាំងលក់ឥវ៉ាន់ នៅលើទឹកដីរបស់គេ ក្នុងរូបភាពផ្សារណាត់នេះ ដូចជាការលក់ឡៃឡុង វាជាគោលនយោបាយពាណិជ្ជកម្មរបស់គេ ហើយវាជាតំរូវការរបស់កម្ពុជាយើងផង ទើបគេយកមកតាំងលក់ នៅជាប់ព្រំដែនយើង ។ ប៉ុន្តែលោកបានពន្យល់ថា ដើម្បីត្រួតពិនិត្យទំនិញទាំងនោះ ឲ្យបានម៉តចត់ គឺវាអាស្រ័យមន្ត្រីជំនាញប្រចាំការច្រកនេះតែម្តង ។ លោកបញ្ជាក់ថា៖ ក្នុងរយៈពេល៤ខែ ដែលលោកមកធ្វើជាប្រធានសាខាកាំកុងត្រូលខេត្តនេះ ឃើញថា មានទំនិញខូចគុណភាព, ហួសកាលកំណត់ប្រើប្រាស់, ទំនិញហាមឃាត់ជាច្រើន ,ហើយការលំហូរចូលនៃទំនិញទាំងនោះមានលក្ខខណ្ទៈពីរយ៉ាង ទី១ ប្រជាពលរដ្ឋទិញទំនិញធម្មតា និង,ទី២ ការទិញទំនិញថោកៗ ដូចជាការលក់ឡៃឡុងក្នុងចុងសប្តាហ៏ ,ហើយកត្តាទាំងនេះលោកបានលើកឡើងក្នុងអង្គប្រជុំឲ្យមន្ត្រីរបស់លោកដឹងផងដែរ ។ លោកប្រធានសាខាបន្តទៀតថា៖ ការអនុវត្តន៏ត្រួតពិនិត្យទំនិញគឺយើងត្រួវធ្វើពីអាជីវករតូចៗឡើងទៅ តែបើយើងមិនយកចិត្តទុកដាក់ទេ វាអាចមានបញ្ហាធ្ងន់ធ្ងរផងដែរ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នេះ យើងបានចុះអនុវត្តន៏តាមតូបលក់ឥវ៉ាន់តូចៗក្នុងក្រុងប៉ៃលិន ហើយបានណែនាំដល់អាជីវករ កុំឲ្យយកទំនិញខូចគុណភាព ទំនិញដែលមិនមានច្បាប់ អនុញ្ញាតត្រឹមត្រួវ ឬទំនិញមិនមានស្លាកសញ្ញា មកតាំងលក់ព្រោះវាអាចនាំអោយប៉ះពាល់សុខភាព។ ពោលគឺវាតំរូវអោយមន្ត្រីជំនាញចុះឃ្លាំមើល ត្រួតពិនិត្យជាប្រចាំ ទើបធានានូវសុវត្ថិភាពម្ហូបអាហារ សុខុមាលភាព សុខភាព ប្រជាពលរដ្ឋ ។ លោកបានបន្តទៀតថា៖ ចំពោះផលិតផលម្ហូបអាហារដែលហួសឬផុតកំណត់ប្រើប្រាស់។ ទំនិញដែលសំបកវេចខ្ចប់រុំពទ្ធ័ដោយធូលីកខ្វក់, មានច្រេះ, គ្មានស្លាកសញ្ញាត្រឹមត្រូវឬគ្មានស្លាកសញ្ញាគឺផ្ទុយពីច្បាប់ និងបទប្បញ្ញត្តិ គឺត្រូវបង្ក្រាប រឹបអូសយកទៅកំទេចចោល ហើយអ្នកលក់ត្រូវនាំមកប្រឈមនឹងច្បាប់ទៀត ,លោកក៏បានណែនាំដល់អាជីវករទាំងអស់មុន និងទិញទំនិញយកមកតាំងលក់ ត្រួវពិនិត្យមើលពីកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ និងទុកដាក់ទំនិញឲ្យបានល្អ ដើម្បីជៀសវាងសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យ ឃើញហួសពេលកំណត់ឬខូចគុណភាព ដកហូតដែលនាំឲ្យបាត់បងសេដ្ឋកិច្ចគ្រួសាររបស់បងប្អួន ព្រោះថា ទោះបីទំនិញមិនទានហួសពេលកំណត់ក៏ដោយ ទំនិញទាំងនេះនិងខូចគុណភាពបើយើងមិនយកមកទុកដាក់ និងថែទាំឲ្យបានល្អ ។
ក្នុងពេលចុះត្រួតពិនិត្យសមត្ថកិច្ចសាខាកាំកុងត្រូល បានដក់ហូតទំនិញខូចគុណភាពមួយចំនួនរួមមាន៖ ចាហ៊ួយវៀតណាមចំនួន ៥០០កញ្ចប់ ,នំស្រួយចំនួន ៧៥៥កញ្ចប់ ,ទឹកក្រូចដបជ័ររបស់ថៃ ១៩៨ដប ,ទឹកខ្មេះរូបទន្សាយចំនួន ៤២ដប ,សណ្តែកបំពងចំនួន ១៦៦កញ្ចប់ ,ប័រ ២៧ប្រអប់ ,ស្បាយ៤ដប,ស្ករគ្រាប់៣កំប៉ុង ,កំទេចមី៤៥៥កញ្ចប់ និងឡេឆ្នៃលាបស្បែកចំនួន ១០កំប៉ុង ដោយយកមករក្សារទុកនៅស្នាក់ការកាំកុងត្រូល ដើម្បីចាត់ចែងទៅតាមនិតិវិធី ៕




































