សៀមរាប : កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ នេះក្រោមអធិបតី លោក ស៊ិន រុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមប្រជុំពីសំណាក់ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធនិងអស់លោក លោកស្រី ជាអភិបាល អភិបាលរងក្រុងស្រុកទាំង១២និងមេភូមិ មេឃុំ ចៅសង្កាត់ទូទាំងខេត្តសៀមរាបដែលមានការពាក់ព័ន្ធបានអញ្ជើញចូលរួម ។ លោក ស៊ិន រុន បានមានប្រសាសន៍ថាសម្រាប់កិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និង អ្នកទេសចរណ៍បរទេសនិងផ្សព្វផ្សាយផែនការស្តីពីយុទ្ឋនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៦ដែលបានរៀបចំធ្វើឡើងនាឱកាសនេះគឺក្នុងគោលបំណងដើម្បីត្រួត្យពិនិត្យអំពីលទ្ធផលដ៏ធំធេងដែលយើងសំរេចបានតាមបណ្តាឆ្នាំកន្លងមកក្នុងការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទូទាំងខេត្តសៀមរាប
និងបញ្ហាប្រឈមនានាដែលយើងនិងឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់រដ្ឋអំណោយគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់មូលដ្ឋានភូមិឃុំសង្កាត់រួមសហការគ្នាដើម្បីសំរេចបានការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីតាមនីតិវិធីនិងស្របតាមផែនការសម្រាប់ឆ្នាំ២០១៥រហូតដល់២០១៦ខាងមុខដោយតម្រូវអោយប្រជាពលរដ្ឋទាំងពីរភេទមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់គ្រប់ៗគ្នា ។ លោកអភិបាលរងក៏បានបញ្ជក់ថាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាការងារសំខាន់ក្នុងក្របខណ្ឌការងារអត្តសញ្ញាណកម្មនោះគឺជាផ្តល់នូវឯកសារគតិយុត្តិមួយសំខាន់ចាំបាច់ដែលជាលិខិតស្នាមសំរាប់បញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ក្នុងគោលដៅធានាដល់សិទ្ទិសេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គមរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗផងដែរ ៕ ដោយគឿនវ៉េត




































