សៀមរាប បារាយណ៍ទឹកថ្លា ឬ បារាយណ៍ខាងលិច មិនត្រឹមតែជាកេរដំណែលប្រព័ន្ធធារាសាស្ត្រកសិកម្ម ដែលបានកសាងឡើងនៅក្នុងសតវត្សទី១១ ដោយបុព្វបុរសដូនតាខ្មែរប៉ុណ្ណោះទេ តែមកដល់បច្ចុប្បន្ននេះ ត្រូវបានពិភពលោកទទួលស្គាល់ថា ជាបូរាណស្ថានធារាសាស្ត្រដ៏ធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
អាងបារាយណ៍ខាងលិច បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងកែវភ្នែកនៃភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ ក្នុងខណៈពេលដែលសម្បត្តិប្រវត្តិសាស្ត្រមួយនេះ កំពុងបំពេញតួរនាទីផ្តល់ភាពសំណើមក្រោមដី ដើម្បីទ្រទ្រង់ប្រាសាទ និងកំពុងនៅតែបន្តផ្តល់ផលប្រយោជន៍ស្រោចស្រពក្នុងវិស័យកសិកម្ម ជិត១០សតវត្សកន្លងមកនេះ ! និងជាគោលដៅទេសចរណ៍ផងដែរ ដូច្នេះ យើងត្រូវតែមានឆន្ទៈ ដើម្បីថែទាំសម្បត្តិកេរមរតកនេះ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ។
នេះ គឺជាប្រសាសន៍លើកឡើងដោយលោកសាស្ត្រាចារ្យ អាហ្សេឌីន បេសាអ៊ូច ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាលេខាធិការអចិន្ត្រៃយ៍ របស់វិទ្យាស្ថាននៃគណកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួល កិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា ICC-Angkor ក្នុងខណៈពេលដែលលោក កំពុងមានវត្តមានពិនិត្យមើលការដ្ឋាន ជួសជុលពង្រឹងទំនប់ផ្នែកខាងលិចនៃអាងបារាយណ៍នោះ ។

លោកសាស្ត្រាចារ្យ អាហ្សេឌីន បាសាអ៊ូច បានបញ្ជាក់ថា ៖ ជញ្ជាំងទំនប់ផ្នែកខាងលិចនៃអាងបារាយណ៍ទឹកថ្លា មានប្រវែង ២ ២០០ម៉ែត្រ ។ ជញ្ជាំងទំនប់ផ្នែកខាងលិចនេះ គឺត្រូវបានជួបបញ្ហាប្រឈម ច្រើនជាងបណ្តាជញ្ជាំងទំនប់ទាំង៣ទិសផ្សេងទៀត ។ បញ្ហាប្រឈមទាំងនោះ រួមមានការហូរច្រោះដោយទឹកភ្លៀងនារដូវវស្សា ទប់ទល់ជាមួយទឹកជំនន់ ធានាជាមួយសម្ពាធមាឌទឹកក្នុងអាង ដែលមានចំណុះអតិបរមា ៥៦លានម៉ែត្រត្រីគុណ នឹងទប់ទល់ជាមួយរលក ដែលបានបង្កើតឡើងដោយខ្យល់បរិយាកាស លើផ្ទៃលំហរ អាងទឹកបារាយណ៍ ប្រមាណជា ១៧ គីឡូម៉ែត្រក្រឡានោះ ។
លោកហង្ស ពៅ អគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកធនធានទឹក បានថ្លែងបញ្ជាក់ថា ៖ គម្រោងជួសជុលពង្រឹងបន្ថែម ជញ្ជាំងទំនប់អាងបារាយណ៍ទឹកថ្លាផ្នែកខាងលិច ត្រូវបានគាំទ្រដោយ គណកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ( ICC-Angkor ) ។ នៅក្នុងឆ្នាំ២០០៩ អាជ្ញាធរអប្សរា បានអនុវត្តគម្រោងដំណាក់កាលទី១ ប្រវែង ៦០ម៉ែត្រ ដោយកម្លាំងហត្ថកម្ម ជាមួយនឹងការសិក្សាបច្ចេកទេសផងដែរ ។ តំណាក់កាលទី២ ត្រូវបានអនុវត្តគម្រោងជួសជុលពង្រឹងជញ្ជាំងទំនប់នេះ នៅក្នុងឆ្នាំ២០១១ ប្រវែង ៥០០ម៉ែត្រ ជំនួយដោយកម្លាំងគ្រឿងចក្រ ។ បទពិសោធន៍តំណាក់កាលទី២ ត្រូវបានរក្សាទុកលទ្ធផលដ៏ល្អ នូវគុណភាពរឹងមាំនៃជញ្ជាំងទំនប់ រហូតដល់ឆ្នាំ២០១៥នេះ ទើបអាជ្ញាធរជាតិអប្សារា ក្រោមការគាំទ្រដោយ ICC-Angkor ត្រូវបានបន្តគម្រោងជួសជុលពង្រឹងជញ្ជាំងទំនប់នេះ ប្រវែង ៥០០ម៉ែត្រទៀត ដែលកំពុងដំណើរការការដ្ឋាន ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៥ នេះ ៕ ដោយគឿនវ៉េត



































