ខេត្តសៀមរាប៖អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបអសត្ថភាព ប្រហែលជាត្រូវថ្នាំសណ្តំបានជាសកម្មភាពលក់ដូរអាណាធិប្បតេយ្យ នៅតាមដងផ្លូវ និងការចតយាន្តយន្តគ្រប់ប្រភេទគ្មានសណ្តាប់ ដែលជាតំបន់ប៉ូលទេសចរណ៍មួយនេះ ត្រូវបានគេឃើញថាមានភាពធូរឡុង
នៅឡើយ ដោយគេដាក់ការសង្ស័យថា មានការបង់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗទៅឲ្យថ្នាក់លើជាថ្នូ មិនចុះបង្ក្រាប។
ប្រភពពីពលរដ្ឋដែលធ្វើដំណើរ និងអាជីវករលក់ដូរនៅផ្សារលើធំថ្មី បានប្រាប់ អ្នកសារព័ត៍មានយើងថា ជារៀងរាល់ថ្ងៃគាត់ឃើញការចតម៉ូតូឬឡាននៅតាមដងផ្លូវមុខផ្សារលើនិងក្បែរផ្សារចាស់និងផ្សារសាមគ្គីនេះ មានសភាពកកស្ទះចរាចររាល់ថ្ងៃមិនដែលខានមួយថ្ងៃណាឡើយ។ប្រភពបន្តថា ការដាក់ម៉ូតូឬឡានពាសវាលពាសកាលនេះហើយដែលធ្វើឲ្យកកស្ទះចរាចរ ដូចជាមានគណប្រតិភូមកប្រជុំក្នុងតំបន់ទេសចរមួយនេះ ។ចំណែកម្ចាស់ផ្ទះនៅតាមផ្លូវក៏ដាក់លយចូលមកផ្លូវសាធារណះទៀត។ប្រភពបន្ថែមថា ឮថាម្ចាស់ផ្ទះដែលនៅជាប់ផ្លូវ
ទាំងនោះបានបង់លុយប្រចាំខែឲ្យទៅខាងនគរបាលសណ្តាប់ធ្នាប់ក្រុង និងសណ្តាប់ធ្នាប់ខេត្ត អស់ទៅហើយទើបជារៀងរាល់ថ្ងៃពុំដែលឃើញមានសមត្ថកិច្ចណាមួយចុះបង្ក្រាបម្តងណាឡើយ ដោយឃើញតែដេញត្រីឲ្យចូលក្នុងស៊ងតែប៉ុណ្ណោះ។រីឯបុរសម្នាក់ជាអ្នកបើកឡានដឹកភ្ញៀវទេសចរ បានប្រាប់ថា រាល់ថ្ងៃគាត់មានការពិបាកក្នុងការធ្វើបើកបរជូនដំណើរភ្ញៀវខ្លាំងណាស់ព្រោះអីអ្នកលក់ដូរនៅតាមដងផ្លូវ គ្មានគិតគូរពីរឿងសណ្តាប់ធ្នាប់សោះឡើយ ឲ្យតែពួកគេបានកន្លែងលក់។លោកបន្តថា រឿងទាំងនេះខាងសមត្ថកិច្ច គួរតែចុះរឹតបន្តឹងថែមទៀត ព្រោះក្នុងនាមអាជ្ញាធរ មិនគួរនាំគ្នារទៅប្រឡូកប្រឡាក់ជាមួយនិងលុយខុសច្បាប់សោះឡើយគួបញ្ជាក់ផងដែរជាពិសេសបរិវេនផ្សារចាស់យកផ្លូវសាធារណះដាក់ផ្ញើម៉ូតូយកលុយច្រកហោប៉ៅដោយមិនខ្វល់ពីការស្ទះចរាចរនោះឡើយ។
ចំណែកតម្លៃដាក់ផ្ញើកង់និងម៉ូតូក៍ខ្ពស់ចង់កប់ពពក តារាងភាស៊ីផ្សារចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ផ្ញើកង់១គ្រឿង៣០០រៀលនិងម៉ូតូ៥០០រៀលប៉ុន្តែចំណែកអ្នកបរិវេនផ្សារចាស់វិញយកលើស តារាងភាស៊ីផ្សារទៅវិញគេយកម៉ូតូ១គ្រឿង១០០០រៀល។
ជុំវិញករណីនេះដែរ លោកសូ ប្លាតុងអភិបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៥ ករណីនេះលោកបានស្នើឲ្យកម្លាំងសមត្ថកិច្ចសហការគ្នាឲ្យបានល្អ ដោយមាន ប៉ូលិសចរាចរណ៍ ប៉ូលិសសណ្តាប់ធ្នាប់ សហការជាមួយអាជ្ញាធរមូលដ្ឋានទើបអាចធ្វើការងារនេះប្រកបដោយជោគជ័យ ចំណែកអ្នកដែលយកផ្លូវសាធារណះមកធ្វើអាជីវកម្មលោកនិងចុះទៅពិនិត្យបន្តិចទៀតនេះ លោកបន្តថា ចំពោះអ្នកណាម្នាក់ទៅទទួលលុយពីអ្នកលក់ដូរទាំងនោះ លោកនៅមិនទាន់ដឹងនៅឡើយទេ ។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ លោកវរសេនីយទោ កែវរក្សា ប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការខេត្តសៀមរាប មិនអាច សុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១២ខែមិថុនានេះ ដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
ទោះជាយ៉ាងនេះក្តីមជ្ឈដ្ឋាននានាក្នុងខេត្តសៀមរាប ស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាល
នៃគណៈអភិបាលខេត្តគួរចាត់ការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ទេសចរណ៍សៀមរាបនេះឲ្យបានល្អប្រសើរឡើងវិញ ជាពិសេសត្រួតពិនិត្យ ព្រមទាំងដុះក្អែលមន្ត្រីខិលខូចមួយចំនួនដែល ធ្វើឲ្យការអភិវឌ្ឍន៍ក្នុងសង្គមមានការធ្លាក់ចុះដោយសារបុគ្គលមួយចំនួនតូចផងដែរ៕
ដោយ ឧត្តម



































