ខេត្តកំពង់ឆ្នាំង៖ផ្ទះមួយខ្នងធ្វើពីឈើប្រក់ស្លឹក ត្រូវអគ្គិភ័យឆេះអស់គ្មានសល់ បន្ទាប់ពីម្ចាស់ផ្ទះបានដាំទឹករួច ទុកចោល មិនបានប្រុងប្រយ័ត្ន នៅភូមិននាមពេញ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះនេះមានឈ្មោះ អាន ឡូញ
ភេទប្រុស រស់នៅភូមិឃុំខាងលើជាកសិករ ដែលមានជីវភាពទីទ័លក្រ រកមួយពេលសម្រាប់តែមួយពេលទេ ហើយត្រូវរងគ្រោះអគ្គិភ័យទៀត ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ អាន ឡូញបានដាំទឹកទុកចោល ចុះមកដីដើរបាត់ ស្រាប់តែមួយសន្ទុះក្រោយមក អ្នកជិតខាងស្រែកថា មានផ្ទះឆេះ ក៍នាំគ្នាជួយពន្លត់ដែរ តែជួយអត់ទាន់ ភ្លើងឆេះខ្លាំងបាត់ទៅហើយ ឆេះអស់រលីង មិនអាចយកអ្វីបាននោះទេ អស់ស្រូវអង្ករ ខោអាវ និងទ្រព្យសម្បត្តិមួយចំនួនទៀត ។
បុរសម្ចាស់ផ្ទះរងគ្រោះ បានអំពាវនាវរកសប្បុរសជន អោយជួយគាត់ផង ព្រោះនៅពេលនេះ គ្មានសល់អ្វីទៀតនោះទេ ភ្លើងបានឆេះបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ដែលបានរកទុកនាពេលកន្លងមក គ្មានអ្វីជាទីពឹងនោះទេ មានតែម្រាមដៃ១០ សុំដល់សប្បុរសជនតែប៉ុណ្ណោះ ៕



































