រថយន្តកុងទីន័រ បើកក្នុងល្បឿនលឿន រេចង្កូតបុករថយន្តដឹកដី ឈប់ចត់ស្ងៀមពីក្រោយ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត សំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ មុខដេប៉ូខ្សាច់ និងគ្រឿងសំណង់យីហោ ងី តាំង តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងទីន័រ របស់ក្រុមហ៊ុនសូ ងួន បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុករថយន្តដឹកដីមួយគ្រឿង ដែលឈប់ចតស្ងៀម បណ្តាលឱ្យរងការខូចខាត ហើយរថយន្តកុងទីន័រមិនទាន់អស់ល្បឿន បានរេទៅបុកផ្ទះប្រជាពលរដ្ឋ នៅជិតនោះបន្ថែមទៀត ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។
ប្រភពបន្តថា បន្ទាប់ពីបង្កហេតុ អ្នកបើករថយន្តកុងទីន័រ បានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនាពេលក្រោយ ចំណែកផ្ទះប្រជាពលរដ្ឋ ដែលរង់ការខូចខាត រង់ចាំតំណាងក្រុមហ៊ុន ចេញមុខសងនូវសំណង ដែលបានខូចខាត ៕



































