ភ្នំពេញ សង្ស័យរឿងគំនុំ
បុរសជាប្រធានរដ្ឋបាលរោងចក្រម្នាក់ ត្រូវបានខ្មាន់កាំភ្លើង២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម វាយក្បាល និងបាញ់ប្រហារ៤គ្រាប់ផ្ទួនៗ ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ សង្ស័យថាជារឿងគំនុំ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩នឹង២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងហាងគុយទាវ យីហោ ឆ្នាំងភ្លើងសឹងហ៊ឺ ភ្នំពេញ ខាងកើតវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាប្រធានរដ្ឋបាល និងជាអ្នកបកប្រែភាសាចិន នៅក្នុងរោងចក្រសីនម៉ា នៅតាមបណ្តោយផ្លូវវេងស្រេង ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងគេបានឃើញជនរងគ្រោះ ជិះម៉ូតូអាយខុន ពាក់ស្លាលេខ ភ្នំពេញ ១AC-៧៥៩១ ជិះមកឈប់ជិតកន្លែងកើតហេតុ ហើយមានខ្មាន់កាំភ្លើង២នាក់ បានដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក វាយក្បាលជនរងគ្រោះ ។ ពេលនោះជនរងគ្រោះ បានរត់បំណងចូលទៅក្នុងហាងគុយទាវខាងលើ ដើម្បីឱ្យគេជួយ ប៉ុន្តែបានទាក់ជើងដួលនៅមុខហាង ហើយខ្មាន់កាំភ្លើង បានរត់ដេញតាម និងវាយជនរងគ្រោះ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ទៅវិញទៅមក រួចជនរងគ្រោះ បានព្យាយាមងើបរត់ចូលទៅក្នុងហាង ប៉ុន្តែត្រូវខ្មាន់កាំភ្លើងតាមបាញ់ ចំនួន៤គ្រាប់ បណ្តាលឱ្យដួលស្លាប់ នៅក្នុងថ្លុកឈាមតែម្តង ។
ប្រភពបន្តថា នៅពេលប្រតាយប្រតប់គ្នានោះ គេបានលឺជនរងគ្រោះស្រែកថា (ចាំអញសងលុយវិញ ) និងស្រែកឱ្យគេឯងជួយ ប៉ុន្តែមិនមាននណារម្នាក់ ហ៊ានចូលទៅជួយនោះទេ ព្រោះដោយសារតែឃើញកាំភ្លើង ហើយក្រោយពីបានបាញ់ជនរងគ្រោះ ៤គ្រាប់រួចមក ពួកគេបានជិះម៉ូតូចេញទៅបាត់តែម្តង ។
មួយសន្ទុះក្រោយមក មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះ ។ សមត្ថកិច្ចបានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យ ជនរងគ្រោះខាងលើ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំក្រោមថ្គាមខាងស្តាំ២គ្រាប់ ដើមដៃក្រោមក្លៀកមួយគ្រាប់ និងក្រោមផ្ចិតមួយគ្រាប់ ។ ហើយការសន្និដ្ឋានជាដំបូង របស់សមត្ថកិច្ច គឺជនរងគ្រោះ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ សង្ស័យថាជារឿងគំនុំ ព្រោះពួកគេមិនបានយកទ្រព្យសម្បត្តិ ពីជនរងគ្រោះនោះទេ ។
បើតាមការសួរនាំទៅក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមិនដែលបង្កជំលោះទាស់ ទែងពាក់សម្តី ឬគំនុះគុំគួន ជាមួយនណាម្នាក់នោះទេ គាត់ជាមនុស្សស្លូតបូត ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្វែងរកមុខសញ្ញា ខ្មាន់កាំភ្លើងជាជនដៃដល់ទាំង២នាក់ និងអាចឈាន ទៅឆែកកាមេរ៉ាសុវត្ថិភាព ដែលនៅជិតកន្លែងកើតហេតុ ដើម្បីមើលពីសកម្មភាព និងកំណត់មុខសញ្ញាផងដែរ ៕



































