យុវជនម្នាក់ចេញពីកន្លែងបំណងត្រឡប់ទៅផ្ទះ ត្រូវចោរមួយក្រុម មានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង បានជិះ ម៉ូតូកាកពីមុខ រួចបានធ្វើសកម្មភាព កាប់មកលើជនរងគ្រោះ២នាក់ ប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១នឹង២០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅម្តុំព្រះគំលុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះទី១មានឈ្មោះ កេត សុធា អាយុ២២ឆ្នាំ (ជាម្ចាស់ម៉ូតូ) ជនរងគ្រោះទី២ឈ្មោះ ពៅ តុលា អាយុ៣០ឆ្នាំ អ្នកទាំង២ មានមុខរបរជាសន្តិសុខដូចគ្នា ។
ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានជិះម៉ូតូឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1SB-3870 ជិះពីកន្លែងធ្វើការ នៅម្តុំផ្សាររាត្រី បំណងត្រឡប់ទៅផ្ទះវិញ ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យ៨នាក់ ជិះម៉ូតូ៤គ្រឿង បានជិះមកកាកពីមុខម៉ូតូ និងបានដកដាវ៣ដើម កាប់ទៅលើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះទាំង២នាក់ភ័យពេក បានរត់ចោលម៉ូតូ ទើបក្រុមចោរទាំងនោះ បានលើកម៉ូតូជិះចេញបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹង នៅបុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើការសួរនាំ ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ ៕



































